ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: មណ្ឌលចត្តាឡីស័កនៅបន្ទាយមានជ័យ កំពុងទទួលពិនិត្យ និងធ្វើចត្តាឡីស័កពលករវិលពីថៃ ២.០០០ប្លាយនាក់។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា៖ បន្ទាប់ពីធ្វើបច្ចុប្បន្នភាព និងបានចុះទៅពិនិត្យមើលជាប្រចាំមណ្ឌលធ្វើចត្តាឡីស័កពលរដ្ឋខ្មែរ(ពលករ) ដែលត្រឡប់មកពីប្រទេសថៃ នៅវិទ្យាល័យនិមិត្តក្រុងប៉ោយប៉ែត, នៅវិទ្យាល័យកូប ស្រុកអូរជ្រៅ, នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យជាតិមានជ័យ និងមណ្ឌលអតីតមជ្ឃមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនរងគ្រោះដោយសារសង្គ្រាមហៅស៊ីវ័រ (CWAR) នាក្រុងសិរីសោភ័ណ… ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ដោយមានការគ្រប់គ្រងយ៉ាងហ្មតចត់ ពីក្រុមការងារកងកម្លាំងចម្រុះ មានគ្រូពេទ្យ នគរបាល កងរាជអាវុធហត្ថ យោធា និងមន្ត្រីរាជការជាដើម។
លោកបានបន្តថា៖ មកទល់ថ្ងៃនេះបងប្អូនពលរដ្ឋ បាននឹងកំពុងធ្វើចត្តាឡីស័កមានប្រមាណជាង២.០០០នាក់។ ក្នុងនោះ ខ្លះក៏ត្រូវបានចាក់ចេញពីមណ្ឌលត្រឡប់ទៅផ្ទះសម្បែងវិញ ក្រោយពិនិត្យយកសំណាកឃើញលទ្ធផលអវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ។
លោក អ៊ុ រាត្រី បានបន្តថា៖ “ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមអំនាវនាវដល់បងប្អូនប្រជាពលរដ្ឋ(ពលករ) ទាំងអស់បន្តគោរពតាមការណែនាំ និងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចូលរួមធ្វើចត្តាឡីស័កឲ្យបានគ្រប់គ្នា ជាមួយក្រុមការងារប្រចាំ ដោយហ្មត់ចត់ច្បាស់លាស់។ បើត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍យើង។
ចំណែកមន្ត្រីរដ្ឋបាលខេត្តបានប្រាប់កាសែតររស្មីកម្ពុជា នាព្រលប់ថ្ងៃទី៦ខែមករាឆ្នាំ២០២១ថា៖ មណ្ឌលចត្តាឡីស័ក នៃអតីតមជ្ឃមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនរងគ្រោះដោយសារសង្គ្រាមហៅស៊ីវ័រ (CWAR) នាក្រុងសិរីសោភ័ណ ត្រូវបានសម្រុកជួសជុល កែលម្អ ហើយនឹងត្រូវដាក់ឲ្យដំណើរការទទួលធ្វើចត្តាឡីស័កពលរដ្ឋនៅពេលឆាប់ៗនេះ។
ចំណុះមណ្ឌលនេះ អាចទទួលអ្នកធ្វើចត្តាឡីស័កនិងស្នាក់នៅចំនួន៨០០នាក់។ រីឯលោកប្រធានមន្ទីរសុខាភិបាលខេត្ត វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឲ្យដឹងថា៖ ពលករខ្មែរចំនួន៤៧២នាក់ ដែលត្រូវបានយកវត្ថុសំណាកពិនិត្យរកមេរោគកូវីត១៩ គឺលទ្ធផលកាលពីថ្ងៃទី៤មករាកន្លង គឺអវិជ្ជមានទាំងអស់។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្រខេត្តបន្ទាយមានជ័យ បានលើកករណីពលករខ្មែរដែលព្យាយាមរត់គេចពីការធ្វើចត្តាឡីស័ក។ លោកបាននិយាយថា៖ “ពលរដ្ឋថា១៤ថ្ងៃគាត់មិនអាចចាំបានទេ”។ លោកបានពន្យល់ថា ត្រូវតែទ្រាំឲ្យបាន ដើម្បីគ្រួសារបងសហគមន៍យើង។ នេះជាការណែនាំរបស់ក្រសួងសុខាភិបាល។ ពលរដ្ឋនៅនៅតែប្រកែក។ ប៉ុន្តែលោកបានអង្វររហូតដល់គាត់ហត់ ហើយដើរទៅដេក។ ពោលគឺព្រមធ្វើចត្តាឡីស័ក៕