ដោយ​: ស​រិ​ទ្ធ / បន្ទាយមានជ័យ​: ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​កាលពី​ចុង​សប្តាហ៍​មុន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ករណី​មាន​សកម្ម​ភាពមិនប្រក្រតី​ក្នុង​វិវាទ​ដីធ្លី នាពេល​កន្លងមក​។​

លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ

​តាម​ប្រភពពី​តុលាការខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ ដោយសារតែ​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​បោកប្រាស់​លុយ​ពលរដ្ឋ​ប្រមាណ​៣០​គ្រួសារ និង​ញុះញង់​ពលរដ្ឋ​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់ នៅ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា តុលាការ​បានសម្រេច​ឃុំខ្លួន លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ នៅក្នុង​ក្រោម​ការចោទប្រកាន់​ពីបទ ឆបោក និង​ញុះញង់ ប្រជាពលរដ្ឋ​ឱ្យ​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ចាប់ខ្លួន​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ដោយសារតែ​ដើរ​ធ្វើ​សកម្មភាព​បោកប្រាស់​មនុស្ស​ជាច្រើន​ពាក់​ព័​ន្ឋ​ករណី​ដីធ្លី ប្រមាណ​៣០០​ហិកតា នៅ​បឹង​ជង្រុក ស្ថិតក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំង​ករណី​មិន​ប្រក្រតី​មួយចំនួនទៀត​។​

​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែលមាន​ឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ៕​