Home ព័ត៌មានជាតិ សង្គម អភិបាលក្រុង S...

អភិបាលក្រុង Seongnam នឹង​ពិចារណា​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្ត​ណាមួយ​របស់​កម្ពុជា​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អភិបាលក្រុង Seongnam លោកស្រី Eun Su-mi នឹង​ពិចារណា​ចងសម្ព័ន្ធ​មេត្រីភាព រវាង​ទីក្រុង​សង់​ណាំ​ជាមួយ​ខេត្ត​ណាមួយ​របស់​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្នាក់មូលដ្ឋាន ដែលជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សាមគ្គីភាព​រវាង​ប្រជាជន​និង​ប្រជាជន ដោយ​ផ្តោតលើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទីក្រុង​ឆ្លាត​វៃ ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ចរាចរណ៍ ប្រព័ន្ធ​លូ​បង្ហូរ​ជាដើម​។​

លោក ឡុង ឌី​ម៉​ង ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ បាន​គូសបញ្ជាក់ថា លោកស្រី Eun Su-mi អភិបាលក្រុង Seongnam គឺជា​ស្ត្រី​ជើង​ខ្លាំង​មួយរូប​ដែល​ធ្លាប់ជា​អ្នកតំណាងរាស្ត្រ និង​ជា​ស្ត្រី​ទីមួយ​ដែល​កាន់តំណែង​ជា​អភិបាលក្រុង​ដំបូង​គេ ដោយមាន​ប្រវត្តិ​ជា​សកម្មជន​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស លើកតម្កើង​សិទ្ធិ​ស្ត្រី សិទ្ធិ​ជនអន្តោប្រវេសន៍ ព្រមទាំង​មាន​ជំនាញ​ជា​អ្នករៀបចំ​គោលនយោបាយ​សង្គមកិច្ច​។​

​លោក​បន្តថា លោកស្រី Eun Su-mi ជា​ស្ត្រី​ដែលមាន​ភាពជា​អ្នកដឹកនាំ ម៉ឺងម៉ាត់ និង​ទន់ភ្លន់​សុភាពរាបសា បាន​អង្គុយ​ស្ដាប់​ខ្ញុំ​បរិយាយ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា​និង​កូរ៉េ រវាង​ប្រជាជន​យើង​ទាំងពីរ និង​ទទួល​ស្ដាប់​នូវ​បញ្ហា​ប្រឈម​ផ្សេងទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ធ្វើការ រៀនសូត្រ​នៅ​កូរ៉េ​នេះ​ជួបប្រទះ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង យ៉ាង​យកចិត្តទុកដាក់ និង​កត់ត្រា​គ្មាន​សល់​ចន្លោះ​។​យើង​ទាំងពីរ​នាក់​បាន​ឯកភាព​ទៅលើ​ចំណុច​ពិភាក្សា​ទាំង​អម្បាលម៉ាន​ដែល​ខ្ញុំ​បាន​លើក ហើយ​លោកស្រី​ពិចារណា​ដោះស្រាយ​ឆ្លើយតប​ក្នុងពេល​ឆាប់ៗ​។​

​ទីក្រុង​សង់​ណាំ ជា​ក្រុង​មួយ​ដែលមាន​ប្រជាជន​មួយ​លាន​នាក់ ជាប់​ទីក្រុង​សេ​អ៊ូ​ល និង​សំបូរ​ទៅដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា IT ជាច្រើន​រួមមាន Naver ជាដើម​។ លោកស្រី​បាន​ឆ្លើយតប​នឹង​សំណើ​របស់ខ្ញុំ ដោយ​សុំ​ឲ្យ​និស្សិត​ខ្មែរ​យើង​បាន​ចូលរួម​ធ្វើ​កម្មសិក្សា​ក្នុង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ទាំងនោះ​។ លោកស្រី​នឹង​ខិតខំ​ស្វែងយល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ខ្មែរ​យើង ជួយ​គាំទ្រ​គម្រោង​របស់​ស្ថានទូត​កម្ពុជា​ដែល​នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​គ្រួសារ​ពហុវប្បធម៌​សង់​ណាំ ក្នុង​ការជួយ​បង្ហាត់បង្រៀន​ស្ត្រី​ខ្មែរ​ពី​សីលធម៌ និង​វិធី​ធ្វើ​ម្ហូប​ខ្មែរ​បង្រៀន​ភាសា​ខ្មែរ​ដល់​កូន​ខ្មែរ​កាត់​កូរ៉េ ហើយ​លោកស្រី​នឹង​ពិចារណា​ចងសម្ព័ន្ធ​មេត្រីភាព រវាង​សង់​ណាំ​ជាមួយ​ខេត្ត​ណាមួយ​របស់​កម្ពុជា​យើង ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្នាក់មូលដ្ឋាន ដែលជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សាមគ្គីភាព​រវាង​ប្រជាជន​និង​ប្រជាជន ដោយ​ផ្តោតលើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទីក្រុង​ឆ្លាត​វៃ ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ចរាចរ​ណ៏ ប្រព័ន្ធ​លូ​បង្ហូរ​ជាដើម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular