ដោយៈចាន់តូ/ភ្នំពេញៈ រោងចក្រផលិតចានប្រអប់ស្នោ BMPP ស្ថិតនៅភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ លេបត្របាក់ អស់អគារមួយខ្នង ផ្តើមចេញពីទុស្សេចរន្តអគ្គិសនីកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
អាជ្ញាធរបានឲ្យដឹងថា រោងចក្រដែលឆាបឆេះនេះ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រx៤០ម៉ែត្រ បន្ទាប់ពីអគ្គិភ័យឆាបឆេះ ភ្លាមៗ កម្មករនាំគ្នាបាញ់ទឹកដែរ តែទប់ទល់មិនឈ្នះ ព្រោះក្នុងរោងចក្រមានសុទ្ធតែជ័រ វត្ថុធាតុដើមសម្រាប់ផលិតប្រអប់ចានស្នោ សម្ភារៈផលិតរួច និងម៉ាស៊ីនផលិត ដែលងាយឆេះ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង រថយន្តសាលាខណ្ឌពោធិ៍សែនជ័យ ចំនួន២គ្រឿង រថយន្តរបស់ស្នងការក្រុងភ្នំពេញ សហការបាញ់ទឹកពន្លត់ភ្លើង អស់រយៈពេល១ម៉ោង ទើបភ្លើងរលត់ នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល ។
គ្រោះអគ្គិភ័យនេះបង្កឲ្យ រងខូចខាតអាគាររោងចក្រមួយខ្នង អស់ទាំងស្រុង សម្ភារៈ វត្ថុធាតុដើមសម្រាប់ផលិត ម៉ាស៊ីនវាយពុម្ពចានប្រអប់ រងខូចខាតអស់ទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ៕