ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងអាគារកាពីតូល(សភាអាម៉េរិក)ក្នុងអំឡុងមានការតវ៉ាប្រឆាំងពីសំណាក់ក្រុមអ្នកគាំទ្រប្រធានាធិបតីត្រាំ នេះបើតាមការបញ្ជាក់ពីសារព័ត៌មានAP។
ស្ត្រីត្រូវគ្រាប់ដួលក្នុងសភាក្នុងអំឡុងមានការតវ៉ានិងអុកឡុកចូលក្នុងសភាក្នុងពេលសមាជិកសភាប្រជុំកាលពីថ្ងៃពុធ
ការបាញ់នេះកើតឡើងបន្ទាប់ពីពួកអ្នកប្រឆាំងតវ៉ាបានសំរុកចូលអាគារកាពីតូលក្នុងពេលសភាបើកកិច្ចប្រជុំកាលពីថ្ងៃពុធ ដែលនាំអោយមានការជម្លៀសសមាជិកសភានិងពន្យារដំណើរការធម្មនុញ្ញដើម្បីបញ្ជាក់អះអាងជ័យជម្នះរបស់លោកចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីខែវិច្ឆិកា។
នាយកដ្ឋានប៉ូលិសក្រុងបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការបាញ់ប្រហារនេះ តែមិនទាន់ផ្តល់ព័ត៌មានលម្អិតនៅឡើយ តែមេប៉ូលិសក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកអ្នកប្រឆាំងតវ៉ាបានប្រើផ្សែងគីមីធ្វើអោយផ្សាររលាកស្បែកលើប៉ូលិសដើម្បីជ្រាតចូលក្នុងបរិវេណត្រូវការពារសន្តិសុខនិងបានសំរុកចូលក្នុងអាគារសភា។
អ្នកគាំទ្ររបស់ត្រាំបានរំលោភសន្តិសុខសភានិងបានចូលក្នុងអាគារសភា
សមាជិកសភានិងអ្នកនយោបាយអាម៉េរិកត្រូវបានជម្លៀស នៅពេលកុបករសំរុកចូលក្នុងអាគារសភា
ទាហានក្នុងកងឆ្មាំជាតិជាង១ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីបំបែកហ្វូងមនុស្សនិងបន្ទាប់ពីការប្រឈមមុខអស់៤ម៉ោង ទីតាំងនោះត្រូវបានប្រកាសថាមានសុវត្ថិភាពនៅត្រឹមម៉ោង៦ល្ងាច។
ពួកអ្នកប្រឆាំងតវ៉ាក៏ត្រូវគេឃើញប្រវាយប្រតប់ជាមួយមន្ត្រីសន្តិសុខនៅក្នុងនិងក្រៅអាគារសភា។ពួកគេត្រូវបានពណ៌នាថាជា«មនុស្សពិសេស»ដោយប្រធានាធិបតីដូណាល់ ត្រាំដែលបានឆ្លើយតបនឹងការអំពាវនាវអោយថ្កោលទោសអំពើហិង្សា។
ក្នុងសារតាមវីដេអូ លោកបានអំពាវនាវអោយអ្នកគាំទ្រលោកវិលត្រឡប់ទៅផ្ទះ ទោះជាយ៉ាងណាលោកបានធ្វើការអះអាងជាថ្មីថា ការបោះឆ្នោតប្រធានាធិបតីមានការលួចបន្លំ។
តែមុននេះលោកបានលើកទឹកចិត្តអោយអ្នកគាំទ្រធ្វើការតវ៉ាប្រឆាំងនៅក្រុងវ៉ាស៊ីនតោននៅមុនសភាអាម៉េរិកប្រជុំសំរេចថា គូប្រជែង ចូ បៃដិន ជាអ្នកឈ្នះឆ្នោត។លោកបានប្រាប់ពួកគេអោយដើរដង្ហែទៅកាន់វិមានកាពីតូល ដើម្បីកំចាត់ចោល«ពួកសភាអន់ខ្សោយ»៕