ដោយៈតារារិទ្អ/ភ្នំពេញៈប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៧មករា២០២១នេះបានចេញសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ៧ មករា។
នៅក្នុងសារនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោម ម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ។
សារទាំងស្រុងរបស់សម្តេចតេជោ មានខ្លឹមសារទាំងស្រុងថាៈ”នៅថ្ងៃ ទី ៧ ខែមករា ឆ្នាំ ២០២១ នេះ គឺជាខួបលើកទី ៤២ឆ្នាំ(៧មករា១៩៧៩៧មករា២០២១)ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ។របបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះបានធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
គួររំលឹកដែរថា កាលពី ៤២ ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិត បង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ “។
ក្នុងឆ្នាំសកលថ្មី ២០២១ នេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហេីយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕សរន