ដោយៈជាសីហៈ/ភ្នំពេញ:សហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបញ្ជាក់ថាការប្រកួតកីឡាសីដក់ជើង ឯកថ្នាក់ជាតិនេះមាន៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស, ២នាក់ ទល់ ២នាក់បុរស និងវិញ្ញាសានារី ២នាក់ ទល់ ២នាក់ ក្រោមការសហការពីក្រសួងអប់រំ យុវជន និងកីឡា។
កញ្ញាបានបន្តថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ មិនបើកទូលាយពេកទេ ដោយកំណត់យ៉ាងច្រើនត្រឹមចំនួន ៨ក្រុម ប៉ុណ្ណោះ ដោយសារតែយើងត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ដូច្នេះសហព័ន្ធមានគោលដៅកាត់បន្ថយក្រុមចូលរួម ដោយជ្រើសរើសយកក្រុមខ្លាំងៗប្រកបដោយគុណភាពខ្ពស់ៗចូលរួមប្រកួតប៉ុណ្ណោះ។
នៅក្នុងការប្រកួតនេះ ភាគច្រើនគឺជាក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែង ក៏ដូចជាបង្កើនគុណភាពរបស់ខ្លួន ត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម។សម្រាប់ក្រុមជម្រើសជាតិត្រៀមស៊ីហ្គេមនៅប្រទេសវៀតណាមក៏ត្រូវពិនិត្យមើលលើការប្រកួតជើងឯកថ្នាក់ជាតិមួយនេះសិនដែរ ដើម្បីត្រៀមបញ្ជូលសមាសភាពកីឡាករ ដែលមានគុណផលបច្ចេកទេសខ្ពស់ៗ។
សូមរំឭកថា សីដក់កម្ពុជា គឺជាប្រភេទកីឡាសក្តានុពលមួយ នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលផ្សេងៗទៀត ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងស៊ីហ្គេម នាពេលកន្លងមក ជាពិសេសនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំ២០២១៩ប្រភេទកីឡាសីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់១លើវិញ្ញាសាទាត់សីចូលកន្ត្រក៕សរន