ដោយៈម៉េងឆៃ/ភ្នំពេញៈក្នុងខែមិថុនាឆ្នាំ២០២០រាជរដ្ឋាភិបាលចាប់ផ្តើមដាក់ឲ្យដំណើរការការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចលនាមហាជនចូលរួមថវិកាដល់រាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បន្តបរិច្ចាគប្រាក់បៀវត្សជូនរាជរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងព្រឹត្តិការណ៍ជាតិសំខាន់ៗ ជាច្រើនទៀត។
១-ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ២លានដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩៖
នៅក្នុងខែមិថុនា ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២លានដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។ នេះគឺជាការប្រោសព្រះរាជទានព្រះរាជ្យទ្រព្យលើកទី២របស់ព្រះអង្គទាំងទ្វេបន្ទាប់ពីកម្ពុជាត្រូវបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
គិតត្រឹមថ្ងៃទី២២ ខែមិថុនា រាជរដ្ឋាភិបាល បានទទួលថវិកាវិភាគទានចេញពីចំណែកនៃប្រាក់បៀវត្សថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានប្រមាណ ១០លានដុល្លារអាមេរិក។ រីឯវិភាគទានរបស់សប្បុរសជននានា មានចំនួនជាង ១៥លានដុល្លារ សម្រាប់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
២-រាជរដ្ឋាភិបាល ដាក់ឲ្យដំណើរការកម្មវិធីបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩៖
កាលពីថ្ងៃទី២៤ខែមិថុនាសម្តេចតេជោហ៊ុនសែនបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដំណាក់កាលទី១ មានជិត ៦០ ម៉ឺនគ្រួសារ។ ក្នុងនោះ ពលរដ្ឋមួយគ្រួសារៗ ទទួលបានថវិកាប្រមាណ ១២ ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភជាច្រើនបន្ថែមទៀត ទៅតាមលក្ខខណ្ឌ និងស្ថានភាពក្រីក្រ។
សរុបទៅ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ ២៥លានដុល្លារអាម៉េរិក នៅក្នុងមួយខែ ដើម្បីអនុវត្តកម្មវិធីជួយសង្គ្រោះ និងទំនុកបំរុងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីត១៩ នៅក្នុងដំណាក់កាលទី១ ដែលចាប់អនុវត្តពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
៣-សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តាមប្រព័ន្ធវិដេអូ៖
កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីឌីអូ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាស អំពាវនាវឲ្យចាត់ទុកវ៉ាក់សាំង ជំងឺកូវីដ១៩ ជាទំនិញរួម សម្រាប់សកលលោក ដែលប្រជាជនគ្រប់រូប ក្នុងសកលលោក អាចទទួលបាន។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅព្រឹកថ្ងៃទី២៦មិថុនា សម្តេច ក៏បានបង្ហាញការគាំទ្រពេញទំហឹង ក្នុងការបញ្ចូលបេក្ខភាពប្រទេសទីម័រខាងកើត ជាសមាជិកអាស៊ានទី១១។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងជំរុញលើកទឹកចិត្ត អោយសមាជិកអាស៊ាន ដែលមានជម្លោះរឿងសមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន សូមបន្តការចរចា ដោយការអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី អនុលោមទៅតាមច្បាប់អន្តរជាតិនានា រាប់ទាំង យូ អេន ក្លូស ( UNCLOS ) ឆ្នាំ១៩៨២ ផងដែរ។
៤-សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរសមត្ថកិច្ច បន្ត និងបង្កើនសកម្មភាពប្រឆាំងគ្រឿងញៀន៖
កាលពីថ្ងៃទី២៦ ខែមិថុនា ជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដើម្បីចូលរួមក្នុងទិវានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិត ដោយណែនាំដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្ត និងបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសត្រូវបន្តយកចិត្តទុកដាក់ និងអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «បីកុំ មួយរាយការណ៍»។ នោះគឺ ទី១-កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ ទី២-កុំអន្តរាគមន៍ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន និងទី៣-កុំលើកលែង កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ «មួយរាការណ៍» គឺត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច អំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងផលិត កែច្នៃ និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ មិថុនា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀន ជិត ៥០០គីឡូក្រាម ដែលរឹបអូសពីក្រុមឧក្រិដ្ឋជន ក្នុងរាជធានី និងខេត្ត ចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
៥-សម្តេចតេជោ ព្រមានចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើកម្មវិធីផ្តល់សាច់ប្រាក់ មានភាពមិនប្រក្រតី៖
បន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា រួចមក គឺកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានប្រកាស ព្រមានចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី កើតមានឡើង។
សម្តេច បញ្ជាក់ថា ការងារនេះ គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុង លើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលត្រូវតែធ្វើអោយបានច្បាស់លាស់ និងហ្មត់ចត់បំផុត៕សរន