ដោយ: បូកគោ/កំពត: កុមារីពីរនាក់បងប្អូនបង្កើតបានស្លាប់យ៉ាងអណោចអធ័មដោយសាររថយន្តមិនស្គាល់អត្តសញ្ញាណបុកកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ខណៈពេលដឹកដៃគ្នាឆ្លងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គរជ័យបានប្រាប់ឱ្យដឹងថា កុមារីរងគ្រោះទាំងពីរនាក់គឺ ១. ឈ្មោះ អែម ស្រីណេ អាយុ៩ឆ្នាំ, ២. ឈ្មោះ អែម ស្រីណូ អាយុ ២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានរៀបរាប់ថា មុនគ្រោះថ្នាក់កើតឡើង កុមារទាំងពីរនាក់ដឹកដៃគ្នាឆ្លងផ្លូវ ពីលិចទៅកើត ស្របពេលនោះមានរថយន្តមួយគ្រឿងបើកមកពីទិសខាងត្បូងដោយល្បឿនយ៉ាងលឿន រួចបុកពួកគេពេញទាំងហឹងបណ្តាលឱ្យស្លាប់ទាំងពីរនាក់គួរឱ្យអណោចអធ័មបំផុត ហើយបើកគេចបាត់ស្រមោល៕