ប្រែសម្រួលៈវិច្ឆិកា/ភ្នំពេញៈ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៦៧ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជាទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើនដែលត្រូវ បានរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរទទួលស្គាល់និងគោរពជានិច្ច។
ដោយមានព្រំប្រទល់ដីគោកប្រហែល១.១៣៧គីឡូម៉ែត្រចែកទឹកទន្លេមេគង្គជាមួយគ្នាហើយជោគវាសនារបស់ប្រជាជនទាំងពីរតែងតែផ្សារភ្ជាប់ជាមួយគ្នា ជួយគ្នាទៅវិញទៅមកដើម្បីឆ្លងកាត់គ្រាលំបាកក្នុងការតស៊ូដណ្តើមឯករាជ្យភាព។ ជ័យជម្នះថ្ងៃទី៣០ខែមេសាការរំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសឡើងវិញគឺមានការគាំទ្រនិងការចូលរួមវិភាគទានពីប្រជាជនកម្ពុជា។ជាការឆ្លើយតបប្រជាជនវៀតណាមជាពិសេសគឺកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដឹកនាំប្រជាជនកម្ពុជាក្រោកឈរប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនិងដណ្តើមជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩។
ក្រោយពីសន្តិភាពត្រូវបានស្តារឡើងវិញ ប្រទេសទាំងពីរបានឈានចូលដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបីជាប្រទេសនីមួយៗមានគោលនយោបាយការបរទេសឯករាជ្យម្ចាស់ការពហុភាគីនិងពហុបែបនៃទំនាក់ទំនងអន្តរជាតិក៏ដោយ ក៏វៀតណាមនិងកម្ពុជានៅតែរក្សានិងបន្តពង្រីករាល់មេរៀននៃសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមក ដែលបង្ហាញតាមរយៈពាក្យមាសចំនួន ១៦ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនោះគឺ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
ប្រការនេះបានបង្កើតជាការមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរទទួលបានសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៖
ក្នុងវិស័យនយោបាយ៖ ភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងសម្របសម្រួលនូវសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ សាមគ្គីភាពរវាងប្រជាជនទាំងពីរ ក៏ដូចជា ផ្តោតសំខាន់លើការឃោសនានិងការអប់រំអំពីការថែរក្សា ការពារនិងលើកកម្ពស់ចំណងសាមគ្គីភាពនិងមិត្តភាពកម្ពុជា – វៀតណាម។ ជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការរវាងមន្ទីរ ក្រសួង សាខា អង្គការមហាជននិងអង្គការប្រជាជនបានបន្តពង្រឹងជានិច្ច ហើយសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ ជួយគ្នាទៅវិញទៅមកក៏ត្រូវបានប្រព្រឹត្តទៅជាប្រចាំ។យ៉ាងណាមិញកម្ពុជានិងវៀតណាមតែងតែរៀបចំការផ្លាស់ប្តូរវប្បធម៌និងជួបប្រាស័យរវាងប្រជាជននិងប្រជាជន ជាពិសេសនៅតាមតំបន់ព្រំដែនផងដែរ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ១៨ គណៈកម្មាធិការចម្រុះវៀតណាម – កម្ពុជា (រូបថត៖TTXVN)
លើវិស័យសេដ្ឋកិច្ច៖
ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលក្នុងនោះវិនិយោគនិងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយឈានដល់ជាង ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ ទាក់ទងនឹងការវិនិយោគ ដោយមានគម្រោងវិនិយោគជាង ២០០ និងមានទុនវិនិយោគដែលបានចុះបញ្ជីសរុបមានចំនួនជាង ៣ ពាន់លានដុល្លារអាម៉េរិកនោះ វៀតណាមកំពុងស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសកំពូលទាំង ៥ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា។ សកម្មភាពវិនិយោគនិងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែននិងថ្នាក់ដឹកនាំកម្ពុជាវាយតម្លៃខ្ពស់ហើយចូលរួមចំណែកយ៉ាងសកម្មដល់សន្តិសុខសង្គមនិងវិបុលភាពរបស់កម្ពុជាផងដែរ។
លើវិស័យការពារជាតិនិងសន្តិសុខ៖
ភាគីទាំងពីរបន្តអនុវត្តរាល់កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខប្រកបដោយប្រសិទ្ធភាព ដោយតែងតែសម្របសម្រួលស្វែងរកជីកគាស់និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីកម្មនៅប្រទេសកម្ពុជា។ទន្ទឹមជាមួយគ្នានោះភាគីទាំងពីរតែងតែពង្រឹងការសម្របសម្រួលនិងការគ្រប់គ្រងខ្សែព្រំដែនឱ្យបានល្អ ដើម្បីធានាខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។
ចំពោះវិស័យអប់រំ៖
ជារៀងរាល់ឆ្នាំវៀតណាមបានផ្តល់អាហារូបករណ៍រាប់រយដល់ប្រទេសកម្ពុជាសម្រាប់ការបណ្តុះបណ្តាលវគ្គរយៈពេលវែងនិងវគ្គរយៈពេលខ្លីលើវិស័យសេដ្ឋកិច្ចវប្បធម៌វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ជាមួយគ្នានោះកម្ពុជាក៏បានផ្តល់អាហារូបករណ៍រាប់សិបកន្លែងសម្រាប់វៀតណាមរួមមានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីអំពីភាសានិងវប្បធម៌ខ្មែរ។ក្រៅពីនេះភាគីទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការរៀបចំសកម្មភាពអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។
ពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័ន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារខណ្ឌសីមានិងបោះ បង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VOV)
ចំណែកឯការថែទាំសុខភាព៖ ក្រុមគ្រូពេទ្យវៀតណាមជាច្រើនបានស្ម័គ្រចិត្តទៅពិនិត្យនិងព្យាបាលក៏ដូចជាផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា ហើយអ្នកជំងឺកម្ពុជាដែលមកពិនិត្យនិងព្យាបាលនៅវៀតណាមទទួលបានថ្លៃសេវាពិនិត្យនិងព្យាបាលដូចគ្នានឹងជនជាតិវៀតណាមផងដែរ។ជាពិសេសនៅឆ្នាំ២០២០ស្ថាប័ននានានិងអង្គការវៀតណាមជាច្រើនមានសកម្មភាពផ្តល់ជំនួយជាសំភារៈវេជ្ជសាស្ត្រដល់មន្ទីរនិងមូលដ្ឋានរបស់កម្ពុជារួមចំណែកជួយប្រទេសកម្ពុជាគ្រប់គ្រងបានល្អការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។
ក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននោះ ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍក្លាយជានិន្នាការក្នុងទំនាក់ទំនងអន្តរជាតិ។ពោលគឺក្រៅពីការជំរុញកម្លាំងផ្ទៃក្នុងរបស់ប្រទេសនីមួយៗវៀតណាមនិងកម្ពុជាត្រូវការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងសាមគ្គីភាពដើម្បីឆ្លៀតយករាល់កាលានុវត្តន៍ភាពអភិវឌ្ឍន៍ ក៏ដូចជា រួមគ្នាដោះស្រាយរាល់ការសាកល្បងដែលប្រទេសទាំងពីរកំពុងប្រឈមមុខ។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយប្រពៃណីនៃសាមគ្គីភាពក្នុងការរំដោះជាតិមកសមិទ្ធផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការនិងជំនួយទៅវិញទៅមកក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ ទំនាក់ទំនងវៀតណាម-កម្ពុជានាពេលខាងមុខនេះ ពិតជានឹងមានការបោះជំហានយ៉ាងទូលំទូលាយថែមទៀត ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរហើយរួមគ្នាមានការរីកចម្រើនជាលំដាប់ក្នុងការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មជាក់ជាពុំខាន៕srn