ដោយៈទស្សនាវដ្តីប្រជាជន
ឆ្លងកាត់រយៈពេល ៤២ឆ្នាំ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង នាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ មាតុភូមិកម្ពុជានៃយើងបាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រងក្រោមកម្លាំង មហាសាមគ្គីឯកភាពជាតិរឹងមាំ ដែលប្រជាជនយើងបានពុះពារធ្វើពលិកម្មដោយសាច់ស្រស់ ឈាមស្រស់ និងប្រាជ្ញាស្មារតី បង្កើតនូវសមិទ្ធផលធំៗលើគ្រប់វិស័យជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដ៏ឆ្នើមនិងឈ្លាសវៃបំផុត។ពេលនេះប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងសម្តែងក្តីរីករាយជាពន់ពេក ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍ ទី៤២ នៃទិវាមហាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ។
ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករាក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ។គ្មានជនណាមួយឬកម្លាំងណាមួយអាចមកបំភ្លៃឬបំផ្លាញនូវសច្ចៈធម៌ប្រវត្តិសាស្ត្រនេះបានឡើយ ។ ថ្ងៃ ៧ មករា គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ រំឭកដល់ថ្ងៃ ៧ មករា យើងក៏ពិតជាចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងវីរៈកងទ័ពស្មគ្រចិត្តវៀតណាមដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការវាយប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ។
យើងគប្បីរំឭកថាក្នុងរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃក្នុងរបបប្រល័យពូជសាសន៍ប្រជាជនកម្ពុជាព្រមទាំងកម្មាភិបាលដ៏ស្មោះត្រង់ជាច្រើនរូបបានទទួលរងនូវការកាប់សម្លាប់ ទទួលរងនូវការបិទសិទ្ធសេរីភាព ការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម ដែលធ្វើឲ្យប្រជាជនស្លាប់អស់ជិត ៣លាននាក់ ។
ផ្តើមចេញពីមូលហេតុនេះហើយ ដែលកម្មាភិបាលយុទ្ធជន យុទ្ធនារី ជាកម្លាំងអ្នកស្នេហាជាតិបរិសុទ្ធ ដែលសេសសល់ពីការកាប់សម្លាប់ បានក្រោកឈរឡើងរួមគ្នាឈានដល់បង្កើតបានជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាអង្គការចាត់តាំងនយោបាយតែមួយគត់ តំណាងឲ្យឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ក្រោកឈរឡើងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ទទួលបានជ័យជម្នះ នៅថ្ងៃ ៧ មករា ជាប្រវត្តិសាស្ត្រ ។ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាទាន់ពេលវេលា ។ ៧ មករា បានបើកឡើងនូវសករាជថ្មី គឺៈ សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ៧ មករា បានផ្តល់ជូនប្រជាជនកម្ពុជានូវសិទ្ធិសេរីភាពគ្រប់យ៉ាងក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។ ៧ មករា បានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ ៧ មករា គឺជានិមិត្តរូបនៃសន្តិភាព និងអភិវឌ្ឍន៍ ។
ក្នុងរយៈពេល ៤២ឆ្នាំ កន្លងទៅនេះ ប្រជាជាតិកម្ពុជាបានធ្វើឲ្យសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ គឺៈ ការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន និងការការពារបានការរស់ឡើងវិញរបស់ប្រជាជាតិ និងជាបន្តបន្ទាប់ ឈានដល់ការបង្កើតបានមូលដ្ឋានគ្រឹះសម្រាប់ដំណើរការបង្រួបបង្រួមជាតិ ការបង្កើតបាននូវ សន្តិភាព និងការអភិវឌ្ឍ ។ ការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសសិទ្ធិមានជីវិតរស់នៅប្រកប ដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កាន់តែមានការរីកលូតលាស់ជាលំដាប់ ។ ការសម្រេចបានជោគជ័យក្នុងការបង្រួបបង្រួមជាតិ ដែលនេះគឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា តាមរយៈការអនុវត្តមាគ៌ាមហាសាមគ្គីជាតិឯកភាពជាតិផ្សះផ្សារជម្លោះផ្ទៃក្នុងអាស្រ័យដោយការដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧។ការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះបាននាំមកនូវសន្តិភាពពេញលេញនូវការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ បង្កើតបានសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសដ៏មានតម្លៃបំផុត ដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ ។ ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយបានរឹងមាំ ការពារយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ដោយបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវស្មារតីស្នេហាជាតិដ៏រឹងមាំរបស់ប្រជាជនកម្ពុជា និងការប្រកាន់យកនូវជំហរច្បាស់ លាស់ ដាច់ខាត រឹងមាំ ក្នុងឋានៈជាប្រជាជាតិមួយ គឺ មិនអាចទទួលយកការប្រមាថពីអ្នកណាទាំងអស់ ។
ការស្តារឡើងវិញសេដ្ឋកិច្ចសង្គម ចាប់ពីលេខសូន្យឲ្យមានការប្រែប្រួលរីកចម្រើនជាជំហានៗ ឈានមកដល់ដំណាក់កាលនៃការអភិវឌ្ឍធំធេងលើគ្រប់វិស័យក្នុងល្បឿនលឿន និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អលើកកម្ពស់ជាបន្តបន្ទាប់ ។ ការស្តារ និងលើកស្ទួយឡើងវិញនូវកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ មានចំណងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេស ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងរាល់បណ្តាកិច្ចការអន្តរជាតិ ។
នៅក្នុងដំណើរវិវត្តន៍ជាប្រវត្តិសាស្ត្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុ វិស័យក្នុងការដាក់ចេញផែនការសកម្មភាពក្នុងការអភិវឌ្ឍប្រទេសជាតិ លើមាគ៌ាឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ប៉ុន្តែឆ្នាំ២០២០នេះ អាស្រ័យដោយការផ្ទុះឡើងនូវជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងសង្គម ដែលធ្វើឲ្យការអភិវឌ្ឍរបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយត្រូវទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ប៉ុន្តែយើងនៅតែពុះពារជម្នះឧបសគ្គទាំងនេះបាន ។
នៅក្នុងដំណាក់កាលដ៏លំបាកនេះ រាជរដ្ឋាភិបាលបានធ្វើឲ្យទទួលជោគជ័យ ចំពោះការប្តេជ្ញាចិត្តក្នុងការរក្សាឲ្យបាននូវភាពម្ចាស់ការលើការងារអាទិភាពចម្បងពី គឺ ៖ ទី១- ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ ។ ជាក់ស្តែង សម្រាប់រយៈពេល ១០ខែ ដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបាន ២៩.១៧៣,៦២លានដុល្លារ ស្មើនឹងកំណើន ០,៨៥% ក្នុងនោះការនាំចេញមានទឹកប្រាក់ ១៤.៥៥០លានដុល្លារ កើនឡើង ១៨,៦៥% និងការនាំចូលមានទឹកប្រាក់ ១៤.៦២៣,៥១លានដុល្លារ ធ្លាក់ចុះ ១២,២៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។ ចំណូលចរន្តថវិកា ឆ្នាំ២០២០ ចំណូលពន្ធដារ គិតត្រឹមថ្ងៃទី១៦ ធ្នូ សម្រេចបានប្រមាណ ២.៦៩៧លានដុល្លារ ស្មើនឹង ៩៤,៦០% នៃផែនការ និងចំណូលពន្ធគយ ប្រមាណ ២.១០០លានដុល្លារ ។ គិតត្រឹមបច្ចុប្បន្ននេះរាជរដ្ឋាភិបាលមានសល់សាច់ប្រាក់សន្សំជាង ៣.០០០លានដុល្លារ សម្រាប់ចំណាយចាំបាច់នានា ។ ទោះបីត្រូវប្រឈមនឹងផលវិបាកដែលបង្កដោយជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា នៅតែមានភាពល្អប្រសើរ ។ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលពន្យារបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិ ។ កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងការបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ខេត្តព្រះសីហនុ-សៀមរាប) ការបណ្ដាក់ទុនសាធារណៈក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋាន និងការសង្គ្រោះជនក្រីក្រ និងងាយរងគ្រោះ ។ ការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្ត្រីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការបើកបៀរវត្សពីរដងក្នុងមួយខែ ។ លើការគាំពារសង្គម រាជរដ្ឋាភិបាល នៅតែបន្តឧបត្ថម្ភថវិកា ៤០ដុល្លារ ក្នុងមួយខែដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបាត់បង់ការងារ ។
ទោះបីមានការលំបាកខ្លះក្នុងឆ្នាំ២០២០ប៉ុន្តែយើងនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍរបស់ប្រទេសជាតិយើង ។ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧.៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩.០១៣ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១.៧៧១ ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៦៨៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ។ កំណើននេះគាំទ្រដោយការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជាវិស័យកសិកម្មត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦%,វិស័យឧស្សាហកម្មនឹងងើបឡើងវិញក្នុងអត្រា៤,១%ពីកំណើនអវិជ្ជមាន,វិស័យសេវាកម្មនឹងមានកំណើនក្នុងអត្រា ៣,៦% ។ អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថាស្ថិតនៅក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ៣,១% , អត្រាប្តូរប្រាក់រៀល ត្រូវបានប៉ាន់ស្មានថា នៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤.០៦៥រៀល ក្នុងមួយដុល្លារអាមេរិក , ឱនភាពគណនីចរន្ត ត្រូវបានព្យាករណ៍ថា នឹងរួមតូចបន្តិចមកត្រឹម ១៧,៣% នៃ ផ.ស.ស , ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៦.៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន ៨ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ ។
អបអរខួប ទី៤២ នៃទិវាជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាទូទាំងប្រទេសបន្តខិតខំពុះពារប្រឹងប្រែងរួមកម្លាំងកាយ ចិត្ត ប្រាជ្ញានិងស្មារតីសម្រេចឲ្យបានគោលដៅដ៏ឧតុង្គឧត្តមរបស់យើងទាំងអស់គ្នានោះគឺការកសាងប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាក្លាយទៅជាប្រទេសជឿនលឿនមួយជាសង្គមមួយប្រកបដោយអរិយធម៌និងទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសង្គ្រាម ការបែកបាក់ និងអំពើប្រល័យពូជសាសន៍ ។ យើងប្តេជ្ញាថែរក្សាឲ្យបានគង់វង្ស រឹងមាំនូវរាល់បណ្តាសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ៤២ឆ្នាំកន្លងទៅមិនឲ្យកម្លាំងណាមកបំផ្លិចបំផ្លាញបានឡើយ ៕សរន