ខួប​ទី​២២ នៃ​ទិវា​នយោបាយ ឈ្នះ ឈ្នះ រំលឹក​ប្រជាជាតិ​យើង​ឲ្យ​បន្ត​ ​ពង្រឹង​សាមគ្គីភាព ដើម្បី​ការពារ​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​

ដោយៈ​ទស្សនាវដ្ដី​ប្រជាជន​
ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​គឺជា​ឱកាស​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​ទឹកដី​កម្ពុជា​បាន​ឆ្លង​ផុតពី​ភ្លើងសង្គ្រាម ហើយ​ប្រជាជន​បានរួម​រស់ក្នុង​សុខសន្តិភាព​យ៉ាង​ពេញលេញ​បរិបូរណ៍ ។​

​ក្នុង​រយៈពេល​ជាង ៥០០​ឆ្នាំ ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន មាតុភូមិ​យើង​ដែល​ធ្លាប់តែ​ឆ្លងកាត់​នូវ​ភ្លើងសង្គ្រាម​ការបែកបាក់ និង​ការ​ប្រល័យពូជសាសន៍ បាន​រកឃើញ​មកវិញ​នូវ​សន្តិភាព តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ ហើយ​បង្កើតបានជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​ចម្រើន​លើ​គ្រប់​វិស័យ ។ យើង​គប្បី​រំឭកថា ចាប់តាំងពី​ក្រោយ​រដ្ឋប្រហា​រ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ រហូតមក ប្រទេស​យើង​បាន​ធ្លាក់​ទៅក្នុង​កលិយុគ និង​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ។ ទោះបី​ជាមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ក៏​កិច្ចព្រមព្រៀង​នេះ​គ្រាន់តែ​បាន​បើក​ឡើង​នូវ​ដំណាក់កាល​ថ្មី ប្រកបដោយ​ភាពអនុគ្រោះ សម្រាប់​ដំណើរការ​ស្វែងរក​សន្តិ​ភាព ការបង្រួបបង្រួម​ជាតិ ការស្តារ និង​អភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​តែប៉ុណ្ណោះ ។

ក្រោយ​ការបោះឆ្នោត​សកល ឆ្នាំ​១៩៩៣ ទោះបី​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវបាន​បង្កើតឡើង ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្តដំណើរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ប៉ុន្តែ​ក៏​ប្រទេស​យើង​មិនទាន់​បានទទួល​នូវ​សុខសន្តិភាព​ពេញលេញ​នៅឡើយ​ដែរ ។ សង្គ្រាមស៊ីវិល​នៅតែ​បន្ត​កើតមាន ដែល​បង្កឡើង​ដោយ​ពួក​ខ្មែរក្រហម ។ ប្រទេស​យើង​នៅតែមាន​តំបន់​ត្រួតត្រា ២ រដ្ឋាភិបាល ២ និង​កម្លាំងប្រដាប់អាវុធ ២ ។ ប៉ុន្តែ​ជា​ភ័ព្វសំណាង អាស្រ័យ​ដោយ​កម្ពុជា​យើង​មាន​មេដឹកនាំ ប្រកបដោយ​បញ្ញាញាណ​ឈ្លាសវៃ ពោរពេញ​ដោយ​បទពិសោធន៍ និង​ភាព​អង់អាច​ក្លាហាន នោះ​គឺ សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​តាមរយៈ​ជោគ ជ័យ​នៃ​នយោបាយ ឈ្នះ ឈ្នះ ដែលមាន​ខ្លឹមសារ​ស្នូល ៣ គឺ «​ជីវិត កម្ម​សិទ្ធ និង​អាជីព​» ដោយ​ធានា​សុវត្ថិភាព ទាំង​ផ្លូវកាយ និង​អាយុជីវិត​, ធានា​អាជីព និង​មុខរបរ និង​ធានា​កម្ម​សិទ្ធ ទ្រព្យសម្បត្តិ ដែល​បានធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ពួក​ឧទ្ទាម​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ជា​ស្ថាពរ ។ កម្ពុជា​ទទួលបាន​មក​វិញ​នូវ​សន្តិភាព​ពេញលេញ ការឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ ។

ដើម្បី​ឧទ្ទិស​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​បង្កើតបាន​មនុញ្ញផល​ដ៏​ឧត្តុង្គឧត្តម​នេះ រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី ២៩ ខែ ធ្នូ ជា​រៀងរាល់ឆ្នាំ ជា​ទិវា​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ហើយ​បាន​កសាង​វិមាន ឈ្នះ ឈ្នះ ដើម្បី​ចារឹក និង​តម្កល់ទុក​នូវ​និមិត្តរូប វត្ថុតាង​នានា ដែល​បង្ហាញ​ប្រវត្តិ​នៃ​ដំណើរ​ការតស៊ូ​សង្គ្រោះ​ប្រទេសជាតិ ព្រមទាំង​សមិទ្ធផល​នៃ​ការកសាង និង​ការពារ​មាតុភូមិ​ទុកជា​ការចងចាំ និង​ជា​មេរៀន​សម្រាប់​មនុស្ស​គ្រប់ៗ​ជំនាន់ ។

​សន្តិភាព​ដែល​កើតមាន​ក្នុង​រយៈពេល ២២​ឆ្នាំ កន្លងទៅនេះ បានធ្វើ​ឲ្យ​កម្ពុជា​មានឱកាស​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ប្រជាជន​បានរួម​រស់ ប្រកបដោយ​ភាពសុខដុមរមនា​ក្នុង​សង្គមជាតិ ។ ទោះជា​យ៉ាងនេះ​ក្តី ក៏​សន្តិភាព​នៅតែ​ទទួលរង​ការគំរាមកំហែង​ពី​ពួក​ប្រឆាំង​ជ្រុលនិយម និង​ពួក​ក្បត់ជាតិ ដែល​ឱនក្បាល​ធ្វើជា​ខ្ញុំ​កញ្ចះ​ដាច់​ថ្លៃ​របស់​បរទេស បញ្ឆេះ​ឲ្យ​មាន​ការធ្វើបដិវត្ត​ន៍ព​ណ៌ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ទង្វើ​ផ្ទុយ​ទាំងស្រុង​ពី​រដ្ឋធម្មនុញ្ញ និង​ពី​ឆន្ទៈ​របស់​ប្រជាជន ។​

​ដោយ​ធ្លាប់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង​ការតស៊ូ​ដ៏​លំបាក​វេទនា​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ព្រមទាំង​ការឆ្លងកាត់​ការខិតខំ​ព្យាយាម​ស្វះស្វែង​រកបាន​មកវិញ​នូវ​សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​ការអភិវឌ្ឍ​ប្រទេស ទើប​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មគ្គុទេសក៍​ដ៏​ឆ្នើម​របស់​ប្រជាជន​កម្ពុជា​បាន​ប្តេជ្ញា​ដាច់ខាត ទោះ​ត្រូវ​បង់​ក្នុងតម្លៃ​ណាក៏ដោយ គឺ​ត្រូវតែ​ការពារ​ថែរក្សា​ឲ្យ​បាន​នូវ​សន្តិភាព និង​ទប់ស្កាត់ មិន​ឲ្យ​កម្លាំង​អមិត្ត​ណា​មក​បំផ្លិចបំផ្លាញ​សន្តិភាព ដែល​រកបាន​មកវិញ​ដោយ​លំបាក​នេះ​ទៅវិញ​បានឡើយ ។ មត៌ក សាសន៍ នេះ​គឺជា​ការចងចាំ និង​ជាការ​ដាស់តឿន​ក្រើនរំឭក​ដល់​យើងទាំង​អស់​គ្នា ពិសេស​ស្រទាប់​យុវជន​ឲ្យ​បាន​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​ទូលំទូលាយ​អំពី​ស្មារតី​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ខិតខំ​លើកកម្ពស់​មនសិកា​ស្នេហា​ជាតិ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់វង្ស និង​រាំង​ស្កាត់​មិន​ឲ្យ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺ​ចាប់ពី​អតីតកាល កើតមាន សារជាថ្មី​ទៀត​នៅលើ​មាតុភូមិ​យើង​ឡើយ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular