Home ព័ត៌មានសំខាន់ៗ ថៃ​រឹតបន្តឹង​...

ថៃ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩​នៅ​តំបន់​ចំនួន​៥,​ការឆ្លង​ជាង​៩០០​នាក់​នៅ​សាមុត សា​ខន ជា​រឿង​ចាស់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ពុធ​បាន​រឹតបន្តឹង​វិធានការ​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ នៅតាម​បណ្តា​ខេត្ត​ដែល​ជួប​ការឆ្លង​រាលដាល​ខ្លាំង ដោយ​សង្កត់ធ្ងន់​លើ​ការត្រួតពិនិត្យ​ចលនា​​មនុស្ស​ចេញ​និង​ចូល​តំបន់​ទាំងនេះ​។​

​ខេត្ត សាមុត សា​ខន​,​ឈុប ប៊ូ​រី​,​រ៉ា​យ៉ង​,​ត្រាត​និង​ចាន់​ថា​ប៊ូ​រី ដែល​ស្ថិត​ក្នុងចំណោម​២៨​ខេត្ត​របស់​ថៃ​ដែល​ត្រូវបាន​ចាត់​ចូលក្នុង​តំបន់​ត្រូវ​មាន​ការគ្រប់គ្រង​ជា​អតិបរមា​នោះ ត្រូវបាន​កំណត់​ជា​ថ្មី​ថា​ជា​«​តំបន់​​ត្រូវ​គ្រប់គ្រង​អតិបរមា​និង​រឹង​តឹង​បំផុត​» នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​។​

​បទបញ្ជា​ថ្មី​នេះ​ចេញ​ដោយ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា នៅក្រោម​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដែល​កំពុង​អនុវត្ត​នៅឡើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​។​

​ក្នុង​ខេត្ត​៥​ខាងលើ អាជ្ញាធរ​មាន​សិទ្ធិ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ការប្រើ​ផ្លូវ​និង​យានយន្ត ហើយ​អ្នកស្រុក​នឹង​តំរូវ​អោយ​ប្រើ​កម្មវិធី​តាមដាន​ចលនា​នៅ​គ្រប់​ម៉ោង​។​ប៉ុស្តិ៍​ត្រួតពិនិត្យ​បន្ថែម​ទៀត​នឹង​ត្រូវ​​បង្កើតឡើង​ដើម្បី​ពិនិត្យ​មើល​អ្នក​ចេញ​ចូល​តំបន់​ទាំងនេះ ហើយ​អ្នក​ចង់​ចេញ​ឬ​ចូល​ត្រូវ​បាន​ស្ថិតក្នុង​ស្ថានភាព​ចាំបាច់​។​

​រដ្ឋាភិបាល​ក៏​បាន​សន្យាថា​នឹង​ចាត់ការ​ប្រឆាំង​មន្ត្រី​រដ្ឋ​ឬ​នរណា​ដែល​ជាប់​ពាក់ព័ន្ធ​ការ​លួច​នាំ​កម្មករ​ពលករ​ខុស​ច្បាប់​ចូល​ក្នុងប្រទេស​ថៃ ក៏​ដូចគ្នា​នឹង​មន្ត្រី​ដែល​ធ្វេសប្រហែស​ឬ​សមគំនិត​អនុញ្ញាត​អោយ​​មាន​ការបើក​បន​ល្បែង​ខុសច្បាប់ ដែល​កន្លងមក​ត្រូវ​បាន​បន្ទោស​ចំពោះ​ការផ្ទុះកូ​វីដ​១៩​ជា​ចង្កោម​។​

​អ្នកណា​ដែល​មាន​បំណង​បិទបាំង​ព័ត៌មាន​ធ្វើដំណើរ ឬ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​ក៏​ប្រឈម​មុខ​នឹង​បណ្តឹង​និង​ការ​ពិន័យ​ប្រាក់​ផងដែរ​។​

​ក្នុងពេល​ជាមួយគ្នា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ថៃ បាន​និយាយថា​ការផ្ទុះកូ​វីដ​១៩​ចុងក្រោយ​នេះ បាន​រាលដាល​ដល់​៥៦​ខេត្ត​របស់​ថៃ ដោយ​ការឆ្លង​ភាគច្រើន​នៅ​ខេត្ត​សាមុត សាខ​ន​និង​ក្រុង​​បាងកក ព្រមទាំង​បណ្តា​ខេត្ត​ភាគ​ខាងកើត​។​

​ជុំវិញ​ព័ត៌មាន​សុះសាយ​ដែលថា​មាន​ការ​ឆ្លងកូវី​ដ​១៩​លើក​ម្មករ​ចំណាកស្រុក​ជាង​៩០០​នាក់​នៅ​រោងចក្រ​ផលិត​ត្រីខកំប៉ុង​មួយ​នៅ​ខេត្ត​សាមុត សា​ខននោះ ក្រសួង​សុខាភិបាល​ថៃ​បាន​ចេញ​មក​បំភ្លឺ​ថា​​វា​ជា​រឿង​ចាស់ ដែល​តួលេខ​ឆ្លង​នេះ​ត្រូវបាន​បញ្ជូល​ក្នុង​របាយការណ៍​មុនៗ​អស់ហើយ​។​

​របាយការណ៍​ក្នុង​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ពុធ​និយាយថា មាន​ការ​ឆ្លងកូវី​ដ​១៩​ជាង​៩០០​នាក់​នៅ​រោងចក្រ​ផលិត​ត្រីខកំប៉ុង​មួយ​នៅ​សាមុត សា​ខន ជាហេតុ​នាំ​អោយ​មាន​ការ​ភិត​ភ័ត និង​បិទ​រោងចក្រ​​តែ​អាជ្ញាធរ​មិន​បាន​រាប់បញ្ចូល​ក្នុង​របាយការណ៍​ឆ្លង​ប្រចាំ​ថ្ងៃ​ទេ ដែលនាំអោយ​មាន​ការ​យល់​ថា​រដ្ឋាភិបាល​បិទបាំង​ព័ត៌មាន​។​

​ទោះជា​យ៉ាងណា មន្ត្រី​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ថៃ បាន​ទទួលស្គាល់​តួលេខ​នេះ និង​ថា​វា​ជា​បាន​កើត​ឡើង​នៅ​រោងចក្រ​មួយ​របស់​ក្រុមហ៊ុន​Pataya Food Group តែ​«​វា​ជា​តួលេខ​ចាស់ ដែល​បាន​បញ្ចូល​ក្នុង​របាយការណ៍​កាលពី​ប៉ុន្មាន​ថ្ងៃមុន​»៕

​វិធានការ​រឹតបន្តឹង​ថ្មី រួម​មាន​បំរាម​ចេញចូល​ខេត្ត​ខេត្ត សាមុត សា​ខន​,​ឈុប ប៊ូ​រី​,​រ៉ា​យ៉ង​,​ត្រាត​និង​ចាន់​ថា​ប៊ូ​រី ហើយ​អ្នក​ចេញ​ឬ​ចូល​ត្រូវតែ​មាន​ភាពចាំបាច់​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular