ប្រែសម្រួល : កញ្ញាដាលីស/សៀងហៃ (រ៉យទ័រ) ៖ អាជ្ញាធរនៅក្នុងទីរួមខេត្តហឺប៉ីរបស់ចិនបានពង្រឹងការរឹតត្បិតការធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាខណៈប្រទេសនេះរាយការណ៍ការកើនឡើងច្រើនបំផុតនៃករណីកូវីដ១៩ប្រចាំថ្ងៃ ក្នុងរយៈពេលជាង ៥ ខែមកនេះ។
ខេត្តហឺប៉ី ដែលដាក់ក្នុងស្ថានភាពដូច “សម័យសង្គ្រាម” កាលពីថ្ងៃអង្គារ មានករណីក្នុងស្រុកចំនួន៥១ ករណីក្នុងចំណោម ៥២ ករណីដែលរាយការណ៍ដោយគណៈកម្មការសុខភាពជាតិនៅថ្ងៃព្រហស្បតិ៍នេះ។ ចំនួននេះគឺធៀបទៅនឹងករណីចំនួន ២០ ដែលបានរាយការណ៍នៅក្នុងខេត្តដែលស្ថិតនៅព័ទ្ធជុំវិញទីក្រុងប៉េកាំងនេះកាលពីមួយថ្ងៃមុននោះ។
អាជ្ញាធរនៅទីក្រុងស៊ីជាហ្សួង ជាទីរួមខេត្តហឺប៉ី បានបើកការធ្វើតេស្តិ៍ទ្រង់ទ្រាយធំនិងហាមឃាត់ការប្រមូលផ្តុំគ្នា ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសកូរ៉ូណា។
ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា ពេលនេះទីក្រុងបានហាមឃាត់អ្នកដំណើរមិនឱ្យចូលស្ថានីយ៍រថភ្លើងសំខាន់របស់ខ្លួនទេ។កន្លងមកទីក្រុងបានតម្រូវឱ្យអ្នកធ្វើដំណើរបង្ហាញលទ្ធផលនៃការធ្វើតេស្តិ៍អាស៊ីតនុយក្លេអ៊ិកអវិជ្ជមានសម្រាប់កូវីដ១៩ ដែលមានរយៈពេល ៧២ ម៉ោងមុនពេលឡើងជិះរថភ្លើងឬយន្តហោះនៅក្នុងខេត្ត។
សរុបមក ករណីថ្មីនៃកូវីដ១៩ សម្រាប់ចិនដីគោកមានចំនួន ៦៣ ធៀបនឹងចំនួន ៣២ ករណីដែលបានរាយការណ៍កាលពីមួយថ្ងៃមុននោះ ដែលនេះជាការកើនឡើងករណីឆ្លងធំបំផុតចាប់តាំងពីករណី ១២៧ ត្រូវបានរាយការណ៍នៅថ្ងៃទី ៣០ ខែកក្កដា។
ចំនួនអ្នកជំងឺគ្មានរោគសញ្ញា ដែលបានឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺកូវីដ១៩ ប៉ុន្តែមិនទាន់មានរោគសញ្ញាណាមួយ ក៏បានកើនឡើងដល់ ៧៩ ពីចំនួន ៦៤ករណីកាលពីថ្ងៃមុននោះផងដែរ។
ចំនួនសរុបនៃករណីឆ្លងកូវីដដែលបានបញ្ជាក់នៅចិនដីគោកចាប់តាំងពីមានការផ្ទុះឡើងដំបូងនៅទីក្រុងវូហានកាលពីចុងឆ្នាំ ២០១៩ មានចំនួន ៨៧.២៧៨ នាក់ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរគឺ ៤.៦៣៤ នាក់៕
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ករណីកូវីដទូទាំងចិនដីគោកមានចំនួន ៦៣ នាក់