ដោយ: ពៅនិមល/ភ្នំពេញ: លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើក ឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២១នេះហើយ ខណៈដែលពេលនេះកំពុងស្ថិតក្នុងការសម្រេច ពីថ្នាក់លើ។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ FTA កម្ពុជា-ចិន បច្ចុប្បន្នយើងបានទទួលលិខិតនូវការចុះហត្ថលេខារួចហើយ គ្រាន់តែមិនមែនច្បាប់ ដោយផ្ញើរមកហើយតាមសារអេឡិចត្រូនិច ដើម្បីឱ្យយើងរៀបចំ ជំរុញលិខិតបទដ្ឋានសុំសេចក្តីអនុម័តពីស្ថាប័ននីតិបញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា។
លោកបន្តថា នៅពេលណាដែលយើងរៀបចំរួច សភានឹងអញ្ញើញដើម្បីឡើងការពារ និងសាកសួរបន្ថែមអំពីលក្ខខណ្ឌទីផ្សារសេរី មុននឹងសម្រេចអនុម័ត និងដាក់ឱ្យអនុវត្តន៍ ផ្លូវការបាន។ ដោយឡែក FTA កម្ពុជា-កូរ៉េខាងត្បូង លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិបាន បញ្ជាក់ថា នឹងចប់សព្វគ្រប់ក្នុងរយះពេលដ៏ខ្លីខាងមុខដូចគ្នាដែរខណៈដែលពេលនេះ ក្រុមការងារពាក់ព័ន្ធបានត្រៀមការងារជាច្រើន ដើម្បីពិនិត្យមើលនិងយកទៅពិភាក្សា បន្ថែមជាមួយគណៈកម្មាធិការជាតិគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការ នាខែតុលា ឆ្នាំ២០២០កន្លងទៅ។ បន្ទាប់ពីចុះហត្ថលេខារួច រដ្ឋាភិបាលកម្ពុជារំពឹងថាការនាំ ចេញទៅកាន់ប្រទេសចិននឹងកើនឡើង ដោយក្នុងចំណោមមុខទំនិញជាង៣៤០មុខ គឺផលិតផលកសិកម្ម៩៥ភាគរយ ពីកម្ពុជា ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិនដែលភាគ ច្រើនជាទំនិញកសិកម្ម និងប្រភេទទំនិញនៅក្នុងឧស្សាហកម្មកែច្នៃ។ ដោយឡែកកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាលទ្ធផលការចរចាផ្ដោតទៅលើការបើកច្រកទីផ្សារ និងអត្ថបទកិច្ចព្រមព្រៀងទាំងមូល ដែលគ្របដណ្ដប់លើជំពូកស្ដីពី៖កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច, ពាណិជ្ជកម្មផ្នែកទំនិញ, វិធានប្រភពដើមទំនិញ, វិធានជាក់លាក់សម្រាប់ ផលិតផល, បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន៕/PC