ដោយៈសរិទ្ធ/កណ្តាល: ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ បានត្រូវនគរបាលស្រុកលើកដែកឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ។
ជនសង្ស័យឈ្មោះ ខេង ផល្លី ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះអាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលើកដែក បានបញ្ជាក់ថា ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង៦ល្ងាច ទៅម៉ោង៨យប់នៅចំណុច មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ។
របាយការណ៍នេះបានបន្តថាប្រហែលជាកន្លះខែមុន ជនរងគ្រោះបានឆាតទាក់ទងគ្នា (ហ្វេសប៊ុក) ជាមួយជនសង្ស័យ។ លុះមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានឆាតមកជនរងគ្រោះ ដោយបបួលថាទៅលេងអ្នកលឿង។ ពេលនោះជនរងគ្រោះ ក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន។ ដល់ម៉ោងប្រហែល ៦ និង ៣០ នាទីល្ងាច ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ ពេលទៅដល់មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ជនសង្ស័យបានឌុបជនរងគ្រោះ ចូលទៅក្នុង រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះ រហូតបានសម្រេច។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបាន ទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ ។
របាយការណ៍ដដែលបានអះអាងថាលុះមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៥និង ៣០ នាទីល្ងាច ម្ដាយរបស់ជនរងគ្រោះ បានជជីកដេញដោលយូរទៅដោយជនរងគ្រោះ ខ្លាចមានផ្ទៃពោះ ក៏រៀបរាប់រឿងរ៉ាវ ដែលជនសង្ស័យបានចាប់រំលោភប្រាប់ទៅម្ដាយទើបម្តាយដាក់ពាក្យប្តឹងមកសមត្ថកិច្ច ឈានដល់ចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕