ដោយ: ពៅនិមល/ភ្នំពេញ: គិតចាប់ពីចាប់ពីថ្ងៃចន្ទ ទី១១ ខែមករាតទៅ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឱ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មជំនួសដោយផ្ទាល់វិញ។
ក្នុងសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១កន្លងទៅ បានឱ្យដឹងថា យោងតាមសំណើររបស់ វិស័យឯកជននៅក្នុងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៃវេទិការដ្ឋាភិបាលផ្នែកឯកជន និងដើម្បីបង្កលក្ខណៈងាយស្រួល និងចំណេញពេលវេលាក្នុងការស្នើសុំសេវាសាធារណៈ ពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើកកម្ពស់ការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័តមាននាសម័យឧស្សាហកម្ម៤.០ ក្រសួង នឹងដាក់ឱ្យដំណើរការសេវា សាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំពោះសេវាសាធារណៈដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ថ្នាក់កណ្តាលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នូវសេវាសាធារណៈ ពាក់ព័ន្ធដូចជា៖ វិស័យការងារ, វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងពាក់ព័ន្ធជនបរទេស។
ក្រសួងបន្ថែមថា ដោយឡែក ចំពោះសេវាសាធារណៈដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញ-ចូលតែមួយរាជធានី ខេត្ត នឹងត្រូវដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១ ខែមីនាតទៅ។ ក្នុងរយៈពេលដំបូងនៃការ ដាក់ឱ្យសំណើរនេះ និយោជកនិងកម្មករនិយោជិត ដែលមិនទាន់អាចស្នើសុំសេវា សាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្មបានអាចមកទទួលសេវាសាធារណៈដោយផ្ទាល់ តាមអង្គភាពពាក់ព័ន្ធដដែល។ ក្រសួងការងារបញ្ជាក់ទៀតថា សម្រាប់ព័ត៌មានខាងលើនេះ ក្រសួងសាធារណៈជនអាចធ្វើការទំនាក់ទំនងបានតាមប្រព័ន្ធទូរស័ព្ទ ១២៩៧ដោយឥត គិតថ្លៃ (មិនអស់ប្រាក់) នៅរៀងរាល់ម៉ោងធ្វើការ៕/PC