ដោយ: មេសា / ភ្នំពេញ: សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នេះ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសផ្តល់ អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៥០កន្លែង ដែលក្នុងនោះមាន៖ ឯកទេសផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា, សង្គមវិជ្ជា, នីតិសាស្ត្រ, រដ្ឋបាលអប់រំ, គ្រប់គ្រងទូទៅ, អក្សរសាស្ត្រខ្មែរ, បរិស្ថានវិទ្យា, ភាសាបាលី និង អក្សរសាស្ត្រអង់គ្លេស។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានឱ្យដឹងថា អ្នកដែលអាចដាក់ពាក្យសុំអាហារូបករណ៍រយៈពេល ៤ ឆ្នាំ នេះបាន មិនមែនមានតែព្រះសង្ឃឡើយ ប៉ុន្តែក៏រួមទាំងគ្រហស្ថ ទាំងប្រុស ទាំងស្រី ផងដែរ។
ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ថ្វីដ្បិតតែដើមឡើយគឺជាគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ព្រះសង្ឃក៏ពិតមែន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើកំណែទម្រង់ និងបានទទួលនិស្សិតជាគ្រហស្ថ ដែលបច្ចុប្បន្ននេះ សមណនិស្សិត ពោលគឺនិស្សិតជាព្រះសង្ឃ ត្រឹមតែប្រមាណជា ៤០ ភាគរយប៉ុណ្ណោះ ដែលបានសេចក្តីថា មាននិស្សិតជាគ្រហស្ថច្រើនជាងព្រះសង្ឃ ហើយក្នុងចំណោមនិស្សិតជាគ្រហស្ថទាំងនោះទៀតសោត មាននិស្សិតជាស្ត្រីប្រមាណជា ៥៥ ទៅ ៦០ ភាគរយឯណោះ ដែលបាន និង កំពុងសិក្សានៅក្នុងពុទ្ធិកសកលវិទ្យាលព្រះសីហនុរាជ។ រីឯមុខវិជ្ជាដែលត្រូវបានបង្រៀននៅក្នុងពុទ្ធិកឧត្តមសិក្សាដ៏មានវ័យចំណាស់ និង មានកិត្តិនាមជាងគេនៅ កម្ពុជា នេះ ក៏មិនមែនមានតែឯកទេសផ្នែកសាសនាដែរ ពោលគឺមានឯកទេសផ្នែកអាណាចក្រ ដូចដែលបានលើកឡើងខាងលើនេះស្រាប់ ។
សូមជម្រាបថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មាន ៣ ទីតាំង គឺព្រះសីហនុរាជ ភ្នំពេញ ដែលមានទីតាំងនៅមុខព្រះបរមរាជវាំង ទល់មុខសាលមហោស្រពចតុមុខ, ព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង និង ព្រះសីហនុរាជ ខេត្ត បាត់ដំបង ។ ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩២ ៩៤ ៧៧ ២២៕