ដោយ: សរិទ្ធ / កណ្តាល: នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងលោក សេង រិទ្ធី ព្រះរាជអាជ្ញារងបើកប្រតិបត្តិការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់វាយលើជនរងគ្រោះបីនាក់ម្តាយកូន បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិពោធិ៍មៀវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះមាន ៣នាក់ មានទី១.ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ ទី២.ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់។ ទី៣.ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ ៨ឆ្នាំ រងរបួសធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ជនសង្ស័យនិងប្ដី ជនរងគ្រោះបានផឹកស្រាជាមួយគ្នា នៅក្រោមផ្ទះរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានរអ៊ូរទាំជេរប្ដី មិនឲ្យផឹកជាមួយជនសង្ស័យនៅផ្ទះរបស់ខ្លួនទេ។ ពេលផឹកអស់ស្រាប្ដីជនរងគ្រោះបានទៅទិញស្រាបៀរ និងសាច់ក្លែមបន្ថែមទៀត ធ្វើឲ្យជនសង្ស័យមានឱកាសធ្វើសកម្មភាពវាយជនរងគ្រោះទាំង៣នាក់នេះតែម្ដង ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការតាមផ្លូវច្បាប់៕