ដោយ: ប.ខុន / ភ្នំពេញ: បរិមាណទឹកដែលបានរក្សាទុកនៅតាមប្រព័ន្ធធារាសាស្ត្រក្នុងខេត្តឧត្តរមានជ័យពេលនេះ មានចំនួនប្រមាណជា៧០០លានម៉ែត្រគូប ក្នុងនេះចំនួនប្រមាណជា៥០០លានម៉ែត្រគូប ត្រូវបានត្រៀមសម្រាប់ផ្គត់ផ្គង់ទៅឱ្យខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយបានចាប់ផ្តើមបញ្ចេញទៅឱ្យហើយ បន្ទាប់ពីមានការស្នើសុំរបស់សហគមន៍ អាជ្ញាធរ និងមន្ទីរធនធានទឹករបស់ខេត្តទាំងពីររួចមក។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧មករាឆ្នាំ២០២១ថា បរិមាណទឹកដែលបានរក្សាទុកនៅតាមប្រព័ន្ធធារាសាស្ត្រទាំងតូច និងធំ នៅក្នុងខេត្តឧត្តរមានជ័យពេលនេះ មានចំនួនដល់ប្រមាណជា៧០០លានម៉ែត្រគូប តែការបង្កបង្កើនផលស្រូវប្រាំង ដែលបានដាក់ចេញនៅក្នុងផែនការរបស់ខេត្តមានតែ១៥០ហិកតា និងទើបអនុវត្តបាន១៥ហិកាតាប៉ុណ្ណោះ។ ខេត្តឧត្តរមានជ័យមានអាងទឹកច្រើន តែមិនមានការដាំដុះច្រើនទេ។
ទឹករក្សារទុកបានដល់ទៅប្រមាណជា៧០០លានម៉ែត្រគូបនេះ លោក ញឺន កួន បញ្ជាក់ថា មានចំនួន៥០០លានម៉ែត្រគូប នៅក្នុងអាងធំៗចំនួនបី គឺអាងទឹកថ្មី ស្រែង ១និងស្រែង២ដែលពេលនេះ បានចាប់ផ្តើមបើកបញ្ចេញឱ្យទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បន្ទាប់ពីមានការស្នើសុំពីសហគមន៍ អាជ្ញាធរ និងប្រធានមន្ទីរធនធានទឹករបស់ខេត្តទាំងពីររួចមក។
លោក ញឺន កួន និយាយឱ្យដឹងទៀតថា ទឹកដែលបានបញ្ចេញពីអាងស្រែង ទម្លាក់ចូលទៅស្ទឹងស្រែង ស្ពានស្រែង និងស្ទឹងក្រឡាញ់ ដែលទើបសាងសង់សំណង់ស្ទាក់ទឹករួច អាចរក្សាទឹកទុកបានប្រមាណជា២០០លានម៉ែត្រគូបសម្រាប់ ប្រជាកសិករបូមបាចបន្តចូលទៅក្នុងស្រែ។
ប្រធានមន្ទីរធនធានទឹកខាងលើនិយាយឱ្យដឹងទៀតថា ទឹកដែលបានចាប់ ផ្តើមបើកបញ្ចេញ កាលពីថ្ងៃទី៦ខែ មករាសម្រាប់យកទៅ ស្រោចស្រពដំណាំស្រូវ ប្រាំងចំនួន ១.៦៥០ហិកតា នៅខេត្តសៀមរាប និង ចំនួន២.០០០ហិកតានៅខេត្ត បន្ទាយមានជ័យ និងនៅត្រូវបញ្ជូនទៅកាន់ស្រុកផ្សេងៗទៀត ដែលមានប្រព័ន្ធទំ នាក់ទំនង តាមការស្នើរបស់សហគមន៍ អាជ្ញាធរនិងមន្ទីរជំនាញ។ ទឹកមួយផ្នែកក៏ ត្រូវបានបញ្ជូនចូលទៅបំពេញអាងត្រពាំងថ្មផងដែរ៕