ប្រែសម្រួលៈវាសនា/បាងកក(បាងកកប៉ុស្តិ៍)៖រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍ទី០៧មករា បាននិយាយថា មនុស្ស៣០៥នាក់ទៀតបានឆ្លងកូវីដ១៩ ក្នុងនេះ១៩៣នាក់ឆ្លងនៅក្នុងស្រុក នាំអោយចំនួនឆ្លងនៅក្នុងប្រទេសនេះកើនដល់៩.៦៣៦នាក់ ។រដ្ឋាភិបាលក៏បាននិយាយថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់ នាំអោយចំនួនស្លាប់ដោយជំងឺឆ្លងនេះនៅថៃកើនដល់៦៧នាក់។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ លោកថាវីស៊ីល វីសានុយ៉ូធីន បាននិយាយថាអ្នកស្លាប់ចុងក្រោយនេះជាបុរសថៃអាយុ៨៨ឆ្នាំ ដែលក៏មានជំងឺមហារីកដេកលើគ្រែជាប់។ជនរងគ្រោះបានឆ្លងកូវីដ១៩ពីកូនប្រុសគាត់នៅក្នុងខេត្តរ៉ាយ៉ង។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បានអោយដឹងថាការឆ្លងថ្មីនៅ២៤ម៉ោងកន្លងមកនេះ រួមមាន៤៦នាក់នៅក្រុងបាងកក, ៣៧នាក់នៅសាមុត សាខន ,២៧នៅឈុន ប៊ូរី ,២៥នៅសាមុត ប្រាកាន, ២៣នៅរ៉ាយ៉ង និង៨នាក់នៅចាន់ថាប៊ូរី។
ក្នុងចំណោមការឆ្លងទាំង៩.៦៣៦នាក់ ៤.៥២១នាក់(៤៦,៩%)បានជាពីជំងឺកូវីដ១៩ រួមមាន១០៣នាក់បានជានៅ២៤ម៉ោងកន្លងទៅ និងនៅសល់៥.០៤៨នាក់កំពុងត្រូវព្យាបាល។
លោកថាវីស៊ីល វីសានុយ៉ូធីនបាននិយាយថា រដ្ឋាភិបាលខិតខំទប់ស្កាត់កូវីដ១៩ជាហេតុបង្កការលំបាកដល់ប្រជាជនដែលចង់ធ្វើដំណើរទៅនិងមកពីខេត្តរងគ្រោះខ្លាំងចំនួន៥ គឺ សាមុត សាខន,ឈុន ប៊ូរី,រ៉ាយ៉ង,ត្រាតនិងចាន់ថាប៊ូរី រួមទាំងខេត្តនៅជុំវិញចំនួន២៣ទៀត។ពួកមន្ត្រីកំពុងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យទាំងនៅតាមផ្លូវធំនិងផ្លូវតូចដែលភ្ជាប់ខេត្តទាំងនេះ។អ្នកណាដែលចង់ធ្វើដំណើររវាងខេត្តទាំងនេះត្រូវបង្ហាញឯកសារផ្លូវការដើម្បីបង្ហាញថា ដំណើររបស់គេស្ថិតក្នុងភាពចាំបាច់ ហើយនិយោជិតឬមន្ត្រីមូលដ្ឋានអាចចេញឯកសារទាំងនេះ។
លោកថាវីស៊ីល វីសានុយ៉ូធីន បានបន្ថែមថា នៅកន្លែងត្រួតពិនិត្យ មន្ត្រីអាចពិនិត្យកំដៅខ្លួន ឯកសារធ្វើដំណើរនិងប្រវត្តិនៃការធ្វើដំណើរ។
នៅលើពិភពលោកក្នុងពេលជាមួយគ្នា កូវីដ១៩បានបន្ថែមអ្នកឆ្លង៧៨១.១០៣នាក់ទៀតនៅ២៤ម៉ោងមកនេះ រហូតដល់ចំនួនសរុប៨៧,៦៤លាននាក់ និងស្លាប់ឡើងដល់១,៨៩លាននាក់ ក្រោយមានមនុស្ស១៤.១២៦នាក់ទៀតស្លាប់។
អាម៉េរិកនាំមុខគេ ដោយមានអ្នកឆ្លង២១,៨៦លាននាក់ ក្រោយកើន២៦០.៩៧៣នាក់និងអ្នកស្លាប់កើនដល់៣៦៩.៩៩០នាក់៕