ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប៉ុន្មានម៉ោងបន្ទាប់ពីហ្វូងអ្នកគាំទ្រលោកត្រាំសម្រុកចូលវិមានកាពីតូលអាម៉េរិក សមាជិករបស់សភានិងព្រឹទ្ធសភាបានបន្តការជជែកដេញដោលគ្នាផ្នែកនយោបាយជុំវិញភាពស្របច្បាប់នៃការបោះឆ្នោតប្រធានាធិបតី ដែលជួយធ្វើឱ្យមានអំពើហិង្សាឈានដល់ការស្លាប់មនុស្ស៤នាក់។
ប្រធានសភាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី និយាយនៅក្នុងលិខិតមួយទៅកាន់សមាជិកទាំងអស់ថា សភានឹងបន្តនៅយប់ថ្ងៃពុធ (ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ទី៧មករានៅកម្ពុជា)ខណៈដែលវិមានកាពីតូលត្រូវបានប្រកាសថាមានសុវត្ថិភាព។
លោកស្រីប៉េឡូស៊ីបាននិយាយនៅក្នុងលិខិតនោះថា “យើងតែងដឹងថាការទទួលខុសត្រូវនេះនឹងនាំពួកយើងធ្វើការរហូតដល់ពេលយប់។ យប់អាចយូរ ប៉ុន្តែយើងសង្ឃឹមថានឹងមានរបៀបវារៈខ្លីជាងនេះ ប៉ុន្តែគោលបំណងរបស់យើងនឹងត្រូវបានសម្រេច”។
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោកមីត ម៉ាកខូននែលបានជំរុញឱ្យព្រឹទ្ធសមាជិកវិលត្រឡប់មកធ្វើការវិញក្នុងការបង្ហាញនូវកម្លាំងប្រតិកម្មចំពោះបាតុកម្មដែលត្រូវបានជំរុញលើកទឹកចិត្តដោយប្រធានាធិបតីដូណាល់ ត្រាំ។ នេះយោងតាមសម្តីមនុស្សម្នាក់ ដែលដឹងអំពីរឿងនេះ។
វិមានកាពីតូលសហរដ្ឋអាម៉េរិកបានជាប់គាំងនៅប៉ុន្មានម៉ោងមុននេះ នៅពេលក្រុមបាតុករគាំទ្រលោកត្រាំទម្លាយរបាំងការពារនិងរំលោភចូលក្នុងអគារប្រវត្តិសាស្ត្រនេះដោយបង្ខំឱ្យសភាផ្អាកការជជែកដេញដោលគ្នាជាបន្តស្តីពីការប៉ុនប៉ងរបស់គណបក្សសាធារណរដ្ឋដើម្បីក្រឡាស់ជ័យជម្នះបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក ចូ បៃដិន។
លោកបៃដិននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីពីក្រុងវីលមីងតុនថា “នៅក្នុងម៉ោងនេះលទ្ធិប្រជាធិបតេយ្យរបស់យើងកំពុងរងការវាយប្រហារមិនធ្លាប់មានពីមុនមកខុសពីអ្វីដែលយើងធ្លាប់បានឃើញនៅសម័យទំនើបនេះ”។
លោកបានបន្ថែមថា “នេះមិនមែនជាការប្រឆាំងទេ។ វាជាភាពគ្មានសណ្តាប់ធ្នាប់។ វាស្មើនឹងការបះបោរ ហើយវាត្រូវតែបញ្ចប់ឥឡូវនេះ។ខ្ញុំអំពាវនាវឱ្យហ្វូងមនុស្សទាំងនេះដកថយនិងទុកឱ្យការងារលទ្ធិប្រជាធិបតេយ្យបន្តទៅមុខ”៕
ហ្វូងអ្នកគាំទ្រត្រាំអុកឡុកវិមានកាពីតូលនិងនាំឱ្យស្លាប់៤នាក់និងចាប់ខ្លួន៥២នាក់ មុនពេលស្ថានភាពវិលមកធម្មតាវិញនៅយប់ថ្ងៃពុធនៅអាម៉េរិក