កម្ពុជា​ត្រៀម​ជាស្រេច​ក្នុងការ​ចូលរួម​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ នាពេលខាងមុខ

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​នេះ បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ និង​ក្រុមការងារ​សម្រាប់​ត្រៀម​រៀបចំ “​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១” ក្រោម​វត្តមាន​របស់លោក​ស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ​កម្ម និង​សមាជិក​ក្រុមការងារ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​ផងដែរ ក្នុង​គោលបំណង​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ​សំខាន់ៗ​របស់​ក្រុមការងារ​នីមួយៗ ព្រមទាំង​ដាក់​ទិសដៅ​ការងារ​បន្ត ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ សំដៅ​រៀបចំ​វេទិកា​នេះ ទទួលជោគជ័យ​នាពេលខាងមុខ​។

​ក្នុង​កិច្ចប្រជុំ​នេះ ក្រុមការងារ​នីមួយៗ បាន​រាយការណ៍​និង​ពិភាក្សា​យ៉ាង​ផុលផុស​ជូន​អង្គប្រជុំ ដែល​បានលើកឡើង​អំពី​វឌ្ឍនភាព​ការងារ​តាម​ក្រុមការងារ​នីមួយៗ ដែល​បានរៀបចំ​កន្លងមក ដូចជា​៖​រៀបចំ Check-List បែងចែក​ភារកិច្ច​ក្នុង​ក្រុមការងារ​នីមួយៗ​, កែសម្រួល​កម្មវិធី​ដោយ​បញ្ជាក់​ពី​សមាសភាព​វាគ្មិន​និង​អ្នកសម្របសម្រួល​កម្មវិធី និង​រៀបចំ​ទីតាំង​សម្រាប់​វេទិកា​, រៀបចំ Check-List កំណត់​អ្នកចូលរួម​វេទិកា​សម្រាប់​ពិធីការ​និង​បដិសណ្ឋារកិច្ច​ទទួលភ្ញៀវ​, រៀបចំ​ខ្ទង់ចំណាយ និង​ការងារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​វេទិកា​ខាងលើនេះ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ចុងខែ​ឧសភា​ខាងមុខ ទទួលជោគជ័យ ទទួលលទ្ធផល​ល្អប្រសើរ និង​ផ្តល់​កិត្យានុភាព​ដល់​ប្រទេសជាតិ​។

​ក្នុងឱកាស​នោះ លោកស្រី​រដ្ឋលេខាធិការ និង​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​កំណត់​ចំនួន​អ្នកចូលរួម​វេទិកា​(​ទាំង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ វាគ្មិន អ្នកសម្របសម្រួល​កម្ម​វិធី​) សមាសភាព​អ្នកធ្វើ​ចំណាប់អារម្មណ៍​ក្នុង​ពិធី​បើក​វេទិកា លិខិតអញ្ជើញ​ភ្ញៀវ​អន្តរជាតិ និង​ការងារ​ចាំបាច់​ដទៃទៀត​ពាក់ព័ន្ធ​នឹង​ការរៀបចំ​វេទិកា​។
​បន្ថែម​លើ​នេះ លោកស្រី​បានស្នើ​ឱ្យ​ក្រុមការងារ​នីមួយៗ បន្ត​បំពេញភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន និង​ត្រៀម​របាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​តាម​ក្រុម​នីមួយៗ ដើម្បី​គោរព​រាយការណ៍​ជូន ឯកឧត្ដម​រដ្ឋមន្ត្រី ក្នុង​កិច្ចប្រជុំ​បន្ទាប់ នៅ​ថ្ងៃទី​១២ ខែមករា​ខាងមុខ​។

​សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​គណៈកម្មការ​ស​ម្រា​ប់រៀប​ចំ “​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១” ក្នុងនោះ​មាន​ក្រុមការងារ​បច្ចេកទេស​០៤ រួមមាន ក្រុម​លេខាធិការដ្ឋាន​, ក្រុមការងារ​ឯកសារ និង​ផ្សព្វផ្សាយ​ព័ត៌មាន​, ក្រុមការងារ​ពិធីការ រៀបចំ​កន្លែង​ប្រជុំ ដឹកជញ្ជូន សិល្បៈ និង​សន្តិសុខ និង​ក្រុមការងារ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular