ដោយ: ពៅនិមល/ភ្នំពេញ: លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១កន្លងទៅ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ ស្ដីពីវិនិយោគថ្មីនៃប្រទេសកម្ពុជា។
កិច្ចប្រជុំពិគ្រោះយោបលនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាក្រសួង និងភាគីពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងសេចក្តីប្រកាសព័តមាន CDC បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ខាងលើនេះ ត្រូវបានរៀបចំឡើងតាមការចង្អុលបង្ហាញរបស់ឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងប្រសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើឲ្យច្បាប់វិនិយោគកម្ពុជា កាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងសំដៅអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច នៅកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះត្រូវបានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិវាលកិច្ច (ក្រុម«ឃ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម «ឃ» យកមកពិភាក្សាជាមួយតំណាងផ្នែកឯកជន ដើម្បីទទួលបានធាតុចូលជាយថាហេតុ។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីវិនិយោគនៃប្រទេសកម្ពុជា ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាលើកដំបូង នៅឆ្នាំ១៩៩៤ និងបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០០៣៕