ប្រែសម្រួល : កញ្ញាដាលីស ៖ លោកយ៉ូស្វេ វ៉ុងនៅថ្ងៃព្រហស្បតិ៍នេះបានចូលរួមជាមួយឥស្សរជនប្រជាធិបតេយ្យហុងកុងជាច្រើនរូប ដែលត្រូវចោទប្រកាន់ក្រោមច្បាប់សន្តិសុខថ្មីខណៈសហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មថ្មីៗដើម្បីឆ្លើយតបនឹងការបង្ក្រាបរបស់ទីក្រុងប៉េកាំងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ។
មន្ត្រីប៉ូលិសជាង ១.០០០ នាក់បានចាប់ខ្លួនឥស្សរជនលេចធ្លោ ៥៣ នាក់ក្នុងនោះរួមមានទាំងជនជាតិអាម៉េរិកម្នាក់ផងដែរ នៅក្នុងការវាយឆ្មក់កាលពីព្រឹកថ្ងៃពុធពីបទ “ធ្វើវិទ្ធង្សនា”ជាបទឧក្រិដ្ឋមួយក្នុងច្បាប់សន្តិសុខជាតិថ្មី ដែលអាចជាប់គុកអស់មួយជីវិត។
ការបង្ក្រាបនេះគឺជាការប្រយុទ្ធចុងក្រោយបំផុតនៅក្នុងការសមរភូមិរបស់ទីក្រុងប៉េកាំងដើម្បីលុបបំបាត់ការប្រឆាំងនៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តនេះបន្ទាប់ពីមនុស្សរាប់លាននាក់បានធ្វើបាតុកម្មតាមដងផ្លូវក្នុងឆ្នាំ ២០១៩ ជាមួយនឹងការតវ៉ាទ្រង់ទ្រាយធំបែបប្រជាធិបតេយ្យ ដែលពេលខ្លះក៏មានអំពើហិង្សាដែរ។
ប្រភពប៉ូលិសជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកវ៉ុងដែលបច្ចុប្បន្នកំពុងជាប់គុក ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទធ្វើវិទ្ធង្សនា ជាលើកដំបូងដែលលោកត្រូវបានឃុំខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ។
បុរសវ័យ ២៤ ឆ្នាំរូបនេះគឺជាអ្នកតស៊ូមតិផ្នែកលទ្ធិប្រជាធិបតេយ្យដែលគេស្គាល់បំផុតនៅក្នុងទីក្រុងហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារដោយសារតួនាទីរបស់គាត់ក្នុងការរៀបចំបាតុកម្មប្រជាធិបតេយ្យ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាលោកតាំ តាក់ឈី ជាសកម្មជនម្នាក់ទៀតដែលកំពុងជាប់គុកពីបទបះបោរ ត្រូវចាប់ខ្លួនផងដែរពីបទធ្វើវិទ្ធង្សនានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕
យ៉ូស្វេ វ៉ុង ត្រូវបានចោទពីបទធ្វើវិទ្ធង្សនា និងអាចប្រឈមជាប់គុកអស់មួយជីវិត