ដោយៈ គង់ហេង / កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាម គ្រោងនឹងរៀបចំ អភិវឌ្ឍន៍ កែច្នៃសួនកុមារក្រុង បច្ចុប្បន្ន នៅខាងមុខសាលាខេត្ត ដែលមានផ្ទៃដី ប្រមាណជិត ១០.០០០ ម៉ែត្រការ៉េ ឱ្យក្លាយជាសួនទឹក (WATER PARK) ទំនើប និងមានលក្ខណៈស្តង់ដារ ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ ដោយដាក់ឈ្មោះថា « សួរកុមារសន្តិភាព»។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងសាលខេត្ត នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ថាៈ នេះជាគម្រោងកែលម្អរសួនកុមារ ក្នុងក្រុងកំពង់ចាម គឺដើម្បីលើកកម្ពស់ សោភ័ណភាពក្រុង និងរៀបចំទីតាំងកម្សាន្ត របស់ប្រជាពលរដ្ឋ។ ដោយធានាផាសុកភាព សោភ័ណភាព និងសុវត្ថិភាពពោល គឺដើម្បីសក្តិសម ជាក្រុងជ័យលាភី រំដួលបីទង។
លោកអភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថាៈ ក្នុងនោះ យើងសូមឱ្យម្ចាស់គម្រោង ជាក្រុមហ៊ុនឯកជន ធ្វើការកែសម្រួល ទៅតាមការចូលរួមមតិយោបល់ ពីសំណាក់មន្ទីរជំនាញ និងអាជ្ញាធរ ក្នុងកិច្ចប្រជុំពិភាក្សា លើគម្រោងរៀបចំ កែលម្អរសួនកុមារ និងកន្លែងកម្សាន្ត ក្រុងកំពង់ចាមនេះ។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឱ្យដឹង នៅរសៀល ថ្ងៃទី៧ មករាថាៈ គម្រោងសួនទឹក ដែលអាជ្ញាធរខេត្ត បានឯកភាពនោះ គឺមានជាអាងហែលទឹក ជាអាហារដ្ឋាន ជាម៉ាត ជាដើម។ គម្រោងសួនទឹក អាចជាសួនគំរូទំនើប និងមានលក្ខណៈស្តង់ដារ ដោយខាងម្ចាស់គម្រោង បាននាំយកអ្នកជំនាញ ពីបរទេសមករៀបចំ។
លោកប្រធានមន្ទីរ បានបន្តថាៈ គម្រោងសួនទឹកនេះ ដែលមានបណ្តោយ ១១៤ ម៉ែត្រ និងទទឹង ៦៥ ម៉ែត្រ ភាគច្រើន ផ្តោតលើអាងហែលទឹក សម្រាប់កុមារ ហើយនៅពេលរៀបចំរួចរាល់ អាចនឹងទាក់ទាញភ្ញៀវ ក្នុងស្រុកភាគច្រើន ពីបណ្តាខេត្ត ជាប់កំពង់ចាម ឱ្យមកលេងកម្សាន្ត។
គួរបញ្ជាក់ថា គម្រោងកែលម្អសួនកុមារ ដែលនឹងក្លាយជា «សួរកុមារសន្តិភាព» នោះ គឺម្ចាស់គម្រោង នឹងអភិវឌ្ឍន៍ និងរៀបចំសួនច្បារ ក្នុងបរិវេណសួននេះ សង់របងដែកព័ទ្ធជុំវិញ សង់ខ្លោងទ្វារ ច្រកចេញចូល ចំនួនពីរកន្លែង ដាំផ្កាព័ទ្ធជុំវិញ ខាងក្នុងរបងដែក សង់អគារ សម្រាប់ផ្លាស់ប្តូរ សម្លៀកបំពាក់ សង់អគារជាអាហារដ្ឋាន និងមីនីម៉ាត ក្រាលការ៉ូ ជុំវិញបរិវេណ កម្សាន្ត សង់បង្គន់អនាម័យស្តង់ដារ រៀបប្រព័ន្ធលូ ក្នុងបរិវេណសួនកម្សាន្ត និងប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី បំភ្លឺពេលយប់៕/V