ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានចាត់តំណាង ដឹកនាំដោយ លោក កង ប៊ន អនុប្រធានអចិន្ត្រៃយ៍ និងជាតំណាងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នាំយកសម្ភារ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខកុមារា និងចូលរួមរំលែកទុក្ខ គ្រួសារសពកុមារា ចំនួន ៧នាក់ ដែលពុលពងគីង្គក់ ឪពុកម្តាយ មិននៅ បណ្តាលអោយស្លាប់១នាក់ កាលពីរសៀល ថ្ងៃទី៥ មករា ឆ្នាំ២០២១ នៅចំណុចភ្នំព្រះ ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ។
លោក កង ប៊ន បានមានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រួសារកុមារា ដែលពុលពងគង្គក់ រួមមានៈ ១.ឈ្មោះ ឈួម ធារិទ្ធ អាយុ១៣ឆ្នាំ (ស្លាប់) អ្នកធ្វើម្ហូប , ២.ឈ្មោះ ឈួម វឌ្ឍនា អាយុ ១២ ឆ្នាំ , ៣.ឈ្មោះ គឿន យុទ្ធ អាយុ ១១ឆ្នាំ , ៤.ឈ្មោះ ចាន់ អូរជៀង , ៥.ឈ្មោះ ហ៊ន សីហា , ៦.ឈ្មោះ ភក្តី សុវណ្ណរ័ក្ស , ទាំងបីនាក់នេះ មានអាយុ ៨ ឆ្នាំ ដូចគ្នា និង៧.ឈ្មោះ ហ៊ន មេងហ៊ួ អាយុ ៦ឆ្នាំ។
សម្ភារដែលសាខា ចូលរួមរំលែកទុក្ខ ដល់គ្រួសារសព មានអង្ករ ១០០ គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន ១០ កេស ថវិកា ២០ ម៉ឺនរៀល ដោយឡែក កុមារងគ្រោះ សម្រាកនៅមន្ទីរពេទ្យ ចំនួន ៦ នាក់ ក្នុង១នាក់ អង្ករ ២៥ គីឡូក្រាម ទឹកបរិសុទ្ធ ២យួរ ភួយ១ ក្រមា១ និងថវិកា ១០ ម៉ឺនរៀល៕/V