ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ លោកប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះ បាននាំយកអំណោយ ទៅផ្តល់ជូនពលរដ្ឋ ចំនួន ៣០ គ្រួសារ ក្នុងនោះ ពលរដ្ឋមានជីវភាពខ្វះខាត ១២ គ្រួសារ, ស្ត្រីម៉េម៉ាយ មានកូនច្រើន ៦គ្រួសារ, កុមារកំព្រា ១ គ្រួសារ, ជនពិការ ២ គ្រួសារ, ចាស់ជរាគ្មានទីពឹង ៩ គ្រួសារ, មកពី ៧ ភូមិ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ។
លោក ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនជានិច្ច គឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
សម្ភារផ្តល់ជូនក្នុងៗគ្រួសារ រួមមានអង្ករ, មី, ត្រីខ, ទឹកស៊ីអ៊ីវ, សារុង, មុង, ភួយ, ក្រមា, ទឹកសុទ្ធ, អាហារបំប៉ន, និងថវិកាមួយចំនួន។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានប្រគេនព្រះសង្ឃ គង់នៅវត្តកែវគីរីសិក្ខាស្វរៈ អង្ករ ១០០ គីឡូ មី៦កេស ទឹកក្រូច២កេស ទឹកសុទ្ធ២កេស និងថវិកាសប្បុរសជន ចំនួន ១.៦៨២.០០០ រៀល៕/V