Home ព័ត៌មានសំខាន់ៗ ប៉ូលិស​បញ្ជូន...

ប៉ូលិស​បញ្ជូន​បក្ខពួក​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​ម្រិ​ត​ស្រាល​ទៅ​តុលាការ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ជនសង្ស័យ​ដែលជា​អ្នកបើករថយន្ត​ដឹក​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១ នេះ គ្រា​ដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បន្ត​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជា​ឃាតកនៅក្នុង​ព្រៃ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​

​ជនសង្ស័យ​ជា​អ្នកបើករថយន្ត​ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ រត់គេចខ្លួន​ទៅដល់​ខេត្តបាត់ដំបង ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​៣ ខែមករា  ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៧ ខែមករា នេះ​ថា ឃាតកដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រិ​ន​ផាន់ អាយុ ៣៨​ឆ្នាំ​។ មាន​ទីលំនៅ​ផ្ទះ​លេខ B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិតនៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ហើយ​នៅពេលនេះ កំពុងតែ​សម្ងំ​លាក់ខ្លួន​នៅក្នុង​ព្រៃ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​

​ប្រភព​ដដែល​បាន​បន្តថា ឃាតក បាន​រត់គេចខ្លួន​ដល់​ខេត្ត​មណ្ឌល​គី​រី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាមួយនឹង​ភរិយា ប្អួ​ន​ថ្លៃ និង​ក្មេង​ម្នាក់​ជា​កូន ដើម្បី​រត់គេច​ពី​កម្លាំង​សមត្ថកិច្ច​ដែល​តាម​ចាប់​។ ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​បំ​បុក​របាំង​ហាមឃាត់​របស់​សមត្ថកិច្ច​នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌល​គី​រី​កាលពី​យប់​ថ្ងៃទី​៤ ខែមករា ដើម្បី​ទម្លាយ​ចេញពី​ការឡោមព័ទ្ធ​។

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឃាតកឈ្មោះ អ៊ា ណា​រ៉េ​ន គឺជា​យោធា​ដែលមាន​អាវុធ​ជាប់​ខ្លួន និង​ជាម​នុស្ស​ធ្លាប់ធ្វើ​សកម្មភាព​អំពើ​ប្លន់​បាញ់សម្លាប់​ជនរងគ្រោះ​ម្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទើប​ចេញពី​ពន្ធនាគារ​បាន​២​ឆ្នាំ ។ជននេះបាន​គេចខ្លួន​ចួ​ល​ទៅ​ក្នុងព្រៃ​ក្រោយ​ការ​ទុក​ភរិយា​, កូន​និង​ប្អូនថ្លៃ​ចោល ដើម្បី​ការ​គេចខ្លួន​ចេញពី​ការ​ស្ទាក់ ចាប់​របស់​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ពង្រាយ​កម្លាំង​តាម​ស្ទាក់ចាប់​គ្រប់​ច្រកល្ហក​។

​សូម​រំលឹកថា កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​មន្ត្រីនគរបាល​ក្នុង​រឿង​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខផ្ទះ​សំណាក់ សាំង​ហ័​រ​ទៀន លើផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ពីរ នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​អាវុធខ្លី ០១ ដើម មិន​ស្គាល់​ម៉ាក បន្សល់ទុក​សំបក​គ្រាប់​នៅ​កន្លែងកើតហេតុ​ចំនួន ៩ គ្រាប់ ក្បាល​គ្រាប់​ចំនួន មួយ គ្រាប់ មធ្យោបាយ​ធ្វើ​សកម្មភាព​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ សៀមរាប 2A 4546 មាន​ស្នាម​កំពិត​ដំបូល​ផ្នែក​ខាងមុខ​ខាងស្តាំ និង​រថយន្ត​ជនរងគ្រោះ​ម៉ាក FORD RAPTOR F150 ផលិត​ឆ្នាំ​២០២០​ពណ៌​ស ​នៅ​កន្លែងកើតហេតុ​។
​សព​ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ី​ណែ​ត  អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១៦៩ ផ្លូ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​មាន​ទួ​នាទី​ជា​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ ស្លាកស្នាម​បាញ់​ពីក្រោយ​ខ្នង​ចំនួន បី​គ្រាប់ ធ្លា​យមក​មុខ និង​ថ្ងាស មួយ គ្រាប់​ធ្លា​យមក​ក្រោយ​។


​បន្ទាប់ពី​បង្កហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​ គេចចេញ​ពី​ក​ន្លែ​ងកើតហេតុ ។ សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល​សម​ត្ថ​កិច្ច​បាន​រកឃើញ​រថយន្ត ជនសង្ស័យ​ ម៉ាក​Lexus RX300 ពណ៌​ខ្មៅ​ដោះ​ផ្លាក​លេខ​ចោល យកទៅ​ប្លុង​ចត​ចោល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ ៤២ ភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ ហើយ​ឈានទៅដល់​ការស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មួយ​នាក់​ដែលជាបក្ខពួក​ឃាតករដែល​បាន​រ់គេច​ដល់​ខេត្តបាត់ដំបង ។សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ម​កកម្រិតធ្ងន់​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​។

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាពថា ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន​ជា​ឃាតករ​(​គេចខ្លួន​) ជា​អ្នកបាញ់ សម្លាប់​ជនរងគ្រោះ​។ ចំណែក​រូបគេ​ជា​អ្នកបើករថយន្ត​រត់គេច​ទៅ​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត ហើយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ជា​ឃាតករ​ក៏បាន​តេ​ទូរស័ព្ទ​បក្ខពួក​ម្នាក់ទៀត​យក​ម៉ូតូ​មក​ឌុប​ពួកខ្លួន​ឆ្លងស្ពាន​ព្រែ​ក្តាម​ទៅផ្ទះ​សំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន ០២​យប់ ទើប​បន្ទាប់មក​ពួកគេ​ក៏​បែក​គ្នា​រៀងៗ​ខ្លួន​។ ហើយ​រូបគេ​(​កែ ចាន់​មាន )​មក​លាក់ខ្លួន​នៅក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ មួយ​យប់​។ លុះដល់​ថ្ងៃទី ២ ខែមករា ខ្លួន​ក៏បាន​បន្តដំណើរ​ទៅ​ខេត្តបាត់ដំបង ដោយ​ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​វត្ត​ទួល​តា​ឯក ខេត្តបាត់ដំបង ។ លុះដល់​ថ្ងៃទី ០៣ ខែមករា ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

​ជុំវិញ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រឿង​ទំនាក់​គ្រោះថ្នាក់​ចរាចរណ៍​នោះ លោក​ឧ​ត្ត​ម​ស​នី​យ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​ប្រាប់​គ្រួសារ​សព​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត ហៅ​ញ៉​ក់ កាលពី​កន្លងទៅ​ថ្មីៗ​នេះ នឹង​ប្តេជ្ញា​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យ​ខាន​តែ​បាន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular