Home ព័ត៌មានសំខាន់ៗ លែង​មាន​មន្ទិ...

លែង​មាន​មន្ទិល​ទៀតហើយ ត្រាំ​ទទួលស្គាល់​បរាជ័យ​និង​សន្យា​ផ្ទេរ​តំណែង​ប្រធានាធិបតី​ដោយ​រៀបរយ​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា​នឹងមាន​«​ការផ្ទេរ​អំណាច​ដោយ​រៀបរយ​នៅ​ថ្ងៃ​២០ មករា​» ក្រោយ​សភា​បញ្ចប់​ការរាប់​សន្លឹកឆ្នោត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ដោយ​បញ្ជាក់​ជោគជ័យ​សំរាប់​គូប្រជែង ចូ បៃ​ដិន នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ទំនងជា​ចង់​សុំទោស​ការដែល​ពួក​អ្នកគាំទ្រ​របស់​លោក​បាន​ចូល​អុកឡុក​សភា​។​

​ត្រាំ បាន​ទទួលស្គាល់​បរាជ័យ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃ​០៣​វិច្ឆិកា​ឆ្នាំ​មុន នៅ​មួយថ្ងៃ​បន្ទាប់ពី​កើតមាន​ចលាចល​និង​ការបំផ្លិចបំផ្លាញ​នៅក្នុង​អាគារ​សភា​ពី​សំណាក់​ពួក​អ្នកគាំទ្រ​របស់​​លោក​ដែល​បាន​បញ្ឈប់​ការងារ​សភា​អស់​ជាង​៦​ម៉ោង​។​

​ត្រាំ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​បង្ហោះ​ក្នុង​ទំព័រ​ទ្វី​ត​ធឺ​របស់​លោក​ថា​« ទោះ​ជា​ខ្ញុំ​មិន​យល់ស្រប​នឹង​លទ្ធផល​ឆ្នោត ក៏​ការពិត​តំរូវ​អោយ​ខ្ញុំ​ទទួលយក​។​ដូច្នេះ​នឹង​មាន​ការផ្ទេរ​អំណាច​មួយ​ដោយ​រៀប​​រយ​នៅ​ថ្ងៃ​២០​មករា​»​។​

​លោក​ត្រាំ​បាន​បន្ថែមថា « នៅពេល​ដែល​នេះ​តំណាង​អោយ​ការបញ្ចប់​អាណត្តិ​ទី​១​ដ៏​អស្ចារ្យ​នៅក្នុង​ប្រវត្តិ​ប្រធានាធិបតី វា​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​ការតស៊ូ​របស់​យើង​ដើម្បី​”​ធ្វើអោយ​អាម៉េរិក​អស្ចារ្យ​ឡើង​​វិញ​»​ប៉ុណ្ណោះ​។​

​លោក​ត្រាំ​កាលពី​ថ្ងៃ​ពុធ​បាន​លើកទឹកចិត្ត​អ្នកគាំទ្រ​អោយ​ដើរ​ដង្ហែ​ទៅកាន់​វិមាន​កា​ពី​តូ​ល​(​សភា​អាម៉េរក​)​ដើម្បី​ប្រឆាំង​នឹង​ពួក​សភា​ដែល​កំពុង​ប្រជុំពិភាក្សា​សំរេច​អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​​កាលពី​ថ្ងៃ​០៣​វិច្ឆិកា​។​ក្រោយមក​លោក​បាន​សម្តែង​សមានចិត្ត​អាណិត​ពួកគេ ដែល​ប្រយុទ្ធ​យ៉ាង​ហិង្សា​ចូល​ក្នុង​អាគារ​សភា ប៉ះ​ជាមួយ​ប៉ូលិស​ដោយ​បង្ខំ​អោយ​ពួក​សមាជិក​សភា​រត់​លាក់​ខ្លួន​និង​ត្រូវបាន​​ជម្លៀសចេញ​។​

​ចម្លើយ​តប​របស់លោក​ត្រាំ​ចំពោះ​អំពើហិង្សា​នេះ ស​បញ្ជាក់​អំពី​ការគិត​មមៃ​របស់លោក​ក្នុងការ​ទាញ​បញ្ច្រាស​លទ្ធផល​ឆ្នោត ដោយ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​របស់​លោក​ក្នុង​តំណែង​ប្រធានាធិបតី​​ដើម្បី​វាយប្រហារ​រិះគន់​ពួក​សាធារណរដ្ឋ​ចំពោះ​ភាពមិនស្មោះត្រង់​។​

​អំពើហិង្សា បូក​រួម​ទាំង​ចម្លើយ​តប​ក្តៅ​របស់​ប្រធានាធិបតី ទំនង​ជា​បាន​រុញ​ពួក​សាធារណរដ្ឋ​ជាច្រើន​អោយ​លែង​អាច​អត់ធ្មត់​បាន​បន្ទាប់ពី​ពួកគេ​បាន​បង្ហាញ​ភក្តីភាព​ចំពោះ​លោក​ត្រាំ​អស់​រាប់​ឆ្នាំ​។​ក្នុង​​សញ្ញា​មួយ​បង្ហាញ​ការមិន​ពេញចិត្ត​ខ្លាំង​ឡើង ជំនួយការ​សេត​វិមាន​មួយចំនួន បាន​និយាយ​អំពី​ការលាឈប់ តែ​ការព្រួយបារម្ភ​នៅត្រង់ថា តើ​ត្រាំ​នឹង​ធ្វើ​អ្វី​ទៀត​នៅពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​របស់​លោក ​នៅ​ពេល​ពួកគេ​មិន​មាន​វត្តមាន​នៅ​ទីនោះ​។​

​ស្ទេ​ហ្វា​នី ហ្គ្រី​សហាម នាយសេនាធិការ​របស់​ជំទាវ​ទី​១ និង​ជា​អតីត​លេខា​សារព័ត៌មាន​សេត​វិមាន បាន​ដាក់​ពាក្យសុំ​លាឈប់​កាលពី​ថ្ងៃ​ពុធ ។​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង លោក​ម៉ា​ត ផុត​ធី​ង​ហ្គ័​រ លេខា​សង្គម​​សេត​វិមាន រិ​គគី នី​សេ​តា និង​លេខា​រង​សារព័ត៌មាន​ម្នាក់​ក៏​បាន​សុំ​លាឈប់ ហើយ​ការចាកចេញ​ជាច្រើន​ទៀត​ត្រូវ​រំពឹងថា​នឹង​កើតមាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ តែ​ជំនួយការ​ជា​ច្រើន​និយាយ​ថា​ពួកគេ​បន្ត​​នៅ​ដើម្បី​ជួយ​អន្តរកាល​អំណាច​ទៅកាន់​រដ្ឋការ​លោកបៃ​ដិន​៕

​កាលពី​ថ្ងៃ​ពុធ ត្រាំ​បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​ប្រយុទ្ធ​ដើម្បី​លទ្ធផល​ឆ្នោត​និង​លើកទឹកចិត្ត​អោយ​ពួកគេ​ដើរ​ទៅកាន់​អាគារ​សភា តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​លោក​ទទួល​ស្គាល់​ថា​តំណែង​ប្រធានាធិបតី​របស់​​លោក​ត្រូវ​ចប់ និង​សន្យា​ផ្ទេរ​អំណាច​ដោយ​រៀបរយ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular