ដោយៈ សរិទ្ធ / ភ្នំពេញៈ សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល បានរកឃើញថា មានជនសង្ស័យ ៣ នាក់ បានក្លែងបន្លំ «សញ្ញាបត្រ វេជ្ជបណ្ឌិត» ដែលពេលនេះ សមត្ថកិច្ចជំនាញ កំពុងតាមវែកមុខ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ។
យោងតាមលិខិតរបស់ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ជម្រាបមក លោកប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដែលរស្មីកម្ពុជា ទើបទទួលបាន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះ បានអោយដឹងថាៈ ក្រោយពីមានការសង្ស័យ ចំពោះ «សញ្ញាបត្រវេជ្ជបណ្ឌិត» របស់ឈ្មោះ សាយ សុវណ្ណ ម៉ក់សុខជា និង ខា វ៉េងហួត ដែលបានយកទម្រង់ តាមសញ្ញាបត្ររបស់ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល, ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំការផ្ទៀងផ្ទាត់ ពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល បានចេញលិខិតបញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិត របស់អ្នកទាំង ៣ នេះ ពុំមែនជាសញ្ញាបត្រ ដែលចេញដោយ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល ទេ ។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ធា គ្រុយ សូមអោយលោកប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពង់ស្ពឺ មានវិធានការ ដូចខាងក្រោមៈ
១-ដកហូតសញ្ញាបត្រដើមរបស់ សាយ សុវណ្ណ ម៉ក់សុខជា និង ខា វ៉េងហួត ។
២-ធ្វើលិខិតជូនមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌ ស្តីពីការក្លែងបន្លំឯកសារ ។
៣-ជូនដំណឹងទៅគណៈគិលានុបដ្ឋាក និង គណៈវិជ្ជាជីវៈសុខាភិបាល ដទៃទៀតដែរ បើមានភាពចាំបាច់ ដោយពួកគាត់ ភាគច្រើន ជាគិលានុបដ្ឋាក ហើយរមែងបានចុះបញ្ជី ជាមួយគណៈគិលានុបដ្ឋាក ។
៤-ក្រោយមានវិធានការ ទាំងអស់ហើយ សូមលោកប្រធាន រៀបចំអោយមានរបាយការណ៍ ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បីគណៈគ្រូពេទ្យជាតិ រៀបចំផ្សព្វផ្សាយ តាមគេហទំព័រ (Website) និង ទំព័រហ្វេសប៊ុក (Facebook Page) របស់គណៈគ្រូពេទ្យជាតិ៕/V