Home ព័ត៌មានជាតិ សង្គម តំណាងរាស្ត្រ ...

តំណាងរាស្ត្រ ធ្វើ​អ្វីខ្លះ​ម្សិលមិញ​?

​ដោយៈ​សុផល​/​ភ្នំពេញ​: សមាជិក​សមាជិកា​រដ្ឋ​សភា​តាម​មណ្ឌល​នីមួយៗ​តែងតែ​ចុះ​ជួប​សួរសុខទុក្ខ​និង​ជួយ​ដល់​ប្រជាជន​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ក៏ដូចជា​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​តាម​ជនបទ​។​

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៧ ខែមករា ម្សិលមិញ​នេះ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រ មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ច្រាំង​ចំ​រះ​១ ខណ្ឌ​ឬ​ស្សី​កែវ បាន​អញ្ជើញ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង ចែក អំណោយ​ជូន​គ្រួសារ​រងគ្រោះ ដោយ​អគ្គីភ័យ កាលពី​ថ្ងៃទី​១១ ខែធ្នូ ធ្ឆ្នាំ​២០២០ កន្លងមក ស្ថិតនៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។ អំណោយ​ដែល​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ ជា ជំនួយ​របស់​សមាគម Yetim-Der ប្រជាជន​តួ​ក​គី ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ៥០​គីឡូក្រាម ប្រេងឆា​៥​លីត្រ មី​១​កេស ទឹកត្រី​១​យួរ ត្រីខ​៦​កំប៉ុង ស្កសរ​២​គីឡូក្រាម អំបិល​២​គីឡូក្រាម សាប៊ូ​លាងចាន​១​ដប​។​

​ថ្ងៃ​ដដែល​នេះ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ក៏បាន​ចុះសួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​និង​ថវិកា​មួយចំនួន ជូន​ស្ត្រី​មេម៉ាយ​កូន​៨​នាក់ ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​លោកស្រី រស់ ស៊ុម អាយុ ៥៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​៨​នាក់​ក្នុងបន្ទុក ទទួលរង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ស្ថិតនៅ​ក្នុងភូមិ​នាង​លើង ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

​នា​ព្រឹក​ថ្ងៃទី​៧ ខែមករា លោក ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា និង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង បាន​អញ្ជើញ​ចូលរួម​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ពី​ក្រុង​ស្ទឹងត្រែង​ទៅកាន់​ស្រុក​សៀម​បូក មាន​ប្រវែង​១៦​គីឡូម៉ែត្រ និង​ដាក់​ប្រព័ន្ធ​ទុយោ​ទឹក បម្រើ​ឲ្យ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ក​សិ​-​ទេសចរណ៍ ព្រមទាំង​ត្រៀម​បង្កើត​ផ្លូវ​មួយ​ខ្សែ​ទៀត​ស្រប​នឹង​ផ្លូវ​បេតុង​នេះ ដើម្បី​ជួយ​សម្រាល​ការដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ជនបទ​។​

​ចំណែក​លោក ប៉ាល់ សំអឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ និង​ជា​អនុប្រធាន​គណ​:​កម្ម​ការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន​យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​ថ្នាក់ដឹកនាំ​ឃុំ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ប៉ាល់ សំអឿន បាន​ឧបត្ថម្ភ​ថវិកា ដល់​ក្រុមការងារ​ក្នុងស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សរុប​ថវិកា​ចំនួន ៣,៩០០,០០០​រៀល ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular