ប្រែសម្រួលៈវាសនា/បាដាត៖តុលាការអ៊ីរ៉ាកបានចេញ ដីកាមួយដើម្បីចាប់ខ្លួនប្រធានាធិបតីអាម៉េរិកជិតចេញពីតំណែង ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់រួមជាមួយមេដឹកនាំក្រុវជីវពលអ៊ីរ៉ាក់ដ៏មានឥទ្ធិពលម្នាក់កាលពីឆ្នាំមុន។
ដូណាល់ ត្រាំ ត្រូវបានតុលាការអ៊ីរ៉ាក់ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន
ការិយាល័យព័ត៌មានរបស់តុលាការបាននិយាយថា ដីកានេះត្រូវបានចៅក្រមម្នាក់ចេញកាលពីថ្ងៃព្រហស្បតិ៍នៅតុលាការស៊ើបអង្កេតក្រុងបាដាត។តុលាការនេះមានភារកិច្ចបើកការស៊ើបអង្កេតនិងចោទប្រកាន់ចំពោះការវាយប្រហារដោយយន្តហោះដ្រូនសម្លាប់ឧត្តមសេនីយ៍ កាស៊ីម សូឡេម៉ានី និងលោក អាប៊ូ ម៉ាតឌី អាល់-មូហាន់ឌីស។អ្នកទាំងពីរត្រូវបានសម្លាប់នៅក្រៅអាកាសយានដ្ឋានក្រុងបាដាតកាលពីខែមករាឆ្នាំ២០២០។
អាល់-មូហាន់ឌីស ជាអនុប្រធាននៃកងកម្លាំងប្រជាជនចល័តដែលជាក្រុមជីវពលអ៊ីរ៉ាក់មួយ រីឯលោកសូឡេម៉ានី ដឹកនាំកងកម្លាំងគូដរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
ការចេញដីកានេះដោយសារលោកត្រាំត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឃាតកម្មគិតទុកជាមុន ដែលមានទោសប្រហារជីវិតបើសិនជាត្រូវកាត់ទោស។ទោះជាយ៉ាងណាវាទំនងជាមិនអាចអនុវត្តបានទេតែគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។
សូមរំលឹកថា ការសម្លាប់មេដឹកនាំមានឥទ្ធិពលទាំង២បានបង្កវិបត្តិការទូតនិងបង្កបញ្ហាទំនាក់ទំនងរវាងអាម៉េរិកនិងអ៊ីរ៉ាក់ ជាពិសេសបង្កកំហឹងក្នុងចំណោមពួកសមាជិកសភាអ៊ីរ៉ាក់និកាយស៊ីអ៊ីតដែលបានអនុម័តសេចក្តីសំរេចចិត្តមួយដើម្បីដាក់សម្ពាធអោយរដ្ឋាភិបាលអ៊ីរ៉ាក់បណ្តេញទាហានបរទេសចេញពីប្រទេស។
ក្នុងពេលជាមួយគ្នាបណ្តាក្រុមគាំទ្រអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើវត្តមានអាម៉េរិកនៅអ៊ីរ៉ាក់ ជាហេតុនាំអោយរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនគំរាមបិទស្ថានបេសកកម្មការទូតនៅក្រុងបាដាត៕
ប្រជាជនអ៊ីរ៉ាក់ប្រារព្វខួប១ឆ្នាំនៃការសម្លាប់អាល់-មូហាន់ឌីស និងលោកសូឡេម៉ានី