ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានសភាលោកស្រីណាន់ស៊ី ប៉េឡូស៊ីបាននិយាយថាប្រធានាធិបតីដូណាល់ត្រាំគួរតែត្រូវបានដកចេញពីតំណែងជាបន្ទាន់ឬសភាអាចបន្តនីតិវិធីចោទប្រកាន់រូបគាត់។
លោកស្រីប៉េឡូស៊ីបានចូលរួមជាមួយអ្នកដែលអំពាវនាវអោយក្រុមសមាជិកគណៈរដ្ឋមន្ត្រីបច្ចុប្បន្នដឹកនាំដោយអនុប្រធានាធិបតី ម៉ៃ ផេនយកមកប្រើនូវវិសោធនកម្មលើកទី ២៥ដើម្បីបង្ខំឱ្យលោកត្រាំចុះចេញពីតំណែង។
រឿងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីហ្វូងអ្នកគាំទ្រដ៏ឃោរឃៅរបស់លោកត្រាំបានសម្រុកចូលវិមានកាពីតូលដោយបង្ខំឱ្យអគារនេះត្រូវចាក់សោបិទទ្វារ។ លោកត្រាំបានហៅពួកគេថាជា “មនុស្សពិសេស” ហើយនិយាយថាគាត់ស្រឡាញ់ពួកគេ។
លោកស្រីប៉េឡូស៊ីនិយាយនៅឯវិមានកាពីតូលកាលពីថ្ងៃព្រហស្បតិ៍ថា”ប្រធានាធិបតីអាម៉េរិកញុះញង់ឱ្យមានការបះបោរប្រដាប់អាវុធប្រឆាំងនឹងអាម៉េរិក។គាត់អាចបង្កគ្រោះថ្នាក់បន្ថែមទៀតដល់ប្រទេសនេះ ៖ “ថ្ងៃណាមួយច្បាស់ជាមានឈុតឆាកដ៏រន្ធត់សម្រាប់អាម៉េរិក”។
សមាជិកសភាបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមួយចំនួនចង់ឱ្យដកលោកត្រាំមុនអាណត្តិរបស់លោកនឹងបញ្ចប់នៅថ្ងៃទី ២០ ខែមករាស្របពេលលោកចូ បៃដិនសម្ពោធកាន់តំណែង។
វិសោធនកម្មលើកទី ២៥ អនុញ្ញាតឱ្យអនុប្រធានាធិបតីនិងគណៈរដ្ឋមន្ត្រីភាគច្រើនប្រកាសថាប្រធានាធិបតីមិនសមនឹងតំណែង។ អនុប្រធានាធិបតីពេលនោះនឹងក្លាយជាប្រធានាធិបតីស្តីទី៕
លោកស្រីប៉េឡូស៊ីប្រាប់លោកម៉ៃ ផេន(ឆ្វេងលើ) អោយប្រើអំណាចរបស់លោកជា អនុប្រធានាធិបតី ដើម្បីដកត្រាំចេញពីតំណែង