ធាតុអាកាស​ត្រជាក់ ចុះ​ដល់ ១១ អង្ស​សេ នៅ​ភាគ​ឦសាន និង ១៦ អង្សា​សេ នៅ​ភ្នំពេញ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ធាតុអាកាស​ត្រជាក់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ អាច​នឹង​ចុះ​ដល់ ១១ អង្សា​សេ នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន និង ១៦ អង្សា​សេ នៅ​រាជធានី​ភ្នំពេញ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ បាន​ជូនដំណឹង​បន្ថែម អំពី​ស្ថានភាព​អាកាសធាតុ​ត្រជាក់​ថាៈ តាមរយៈ​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ បានបង្ហាញ​ឲ្យ​ឃើញថា ទ្រនុង​សម្ពាធ​ខ្ពស់ ពី​ភាគ​ខាងជើង បាននិងកំពុង​ធ្លាក់ចុះ​មកក្រោម នាំមក​នូវ​ធាតុ​ត្រជាក់ ពី​តំបន់​ស៊ី​បេ​រី គួបផ្សំ​ជាមួយនឹង​ខ្យល់ មូសុង​ឦសាន​ខ្លាំង ។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន បាន​សរសេរ​ទៀតថាៈ លក្ខណៈ​បែប​ខាងលើនេះ​នឹងធ្វើ​ឲ្យ អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០២១ ( ពិសេស​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ) មាន​ស្ថានភាព ដូចខាងក្រោម​៖

១- តំបន់​វាលទំនាប សីតុណ្ហភាព​អប្បបរមា នឹង​អាច​ធ្លាក់ចុះ មក​នៅក្នុង​រង្វង់​ពី ១៣ អង្សា​សេ ទៅ ១៥ អង្សា​សេ លាយឡំ ជាមួយ​ខ្យល់​មធ្យម ។ សម្រាប់​រាជធានី​ភ្នំពេញ​សីតុណ្ហភាព អប្បបរមា នឹង​អាច​ធ្លាក់ចុះ មក​នៅក្នុង​រង្វង់ ១៦ អង្សា​សេ​។​

២- តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប ភាគ​ឦសាន សីតុណ្ហភាព អប្បបរមា នឹង​អាច​ធ្លាក់ចុះ មក​នៅក្នុង​រង្វង់​ពី ១១ អង្សា​សេ ទៅ ១៣ អង្សា​សេ លាយឡំ​ជាមួយ ខ្យល់​ខ្លាំង ។​

៣- តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា នឹង​អាច​ធ្លាក់ចុះ មក​នៅក្នុង​រង្វង់​ពី ១៧ អង្សា​សេ ទៅ ១៩ អង្សា​សេ​។ នៅ​ថ្ងៃទី​១២ ខែមករា នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប ជូន​ខាងលើ សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន ជាពិសេស វីរៈ​កងទ័ព ដែល​រស់នៅ និង​ឈរជើង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បង្កើន​ការយកចិត្តទុកដាក់ ថែរក្សា​សុខភាព ចំពោះ​អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង​នេះ ។ ដោយឡែក ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត​ក្នុងករណី អាកាសធាតុ មានការ​ប្រែប្រួល​៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular