ទុស្សេបន្ទះសូឡា បណ្ដាលឱ្យឆេះផ្ទះមួយខ្នង នៅស្រុកសៀមប៉ាង

ដោយៈ សុខុម/ស្ទឹងត្រែង: ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិផាបាំងតូច (ភូមិបក្សសម្ព័ន្ធ) ស្ថិតក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរងនូវការឆាបឆេះ សន្ធោសន្ធៅ នៅវេលាម៉ោងជិត ៧ ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទុស្សេបន្ទះសូឡា ដែលបានដាក់ប្រើប្រាស់ ប្រចាំថ្ងៃ ។

ប៉ូលិស បានបញ្ជាក់ថាៈ ម្ចាស់ផ្ទះឈ្មោះ ខាំ ខន អាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីង ណាង។ ហេតុការណ៍នោះ កម្លាំងសមត្ថកិច្ច ក្នុងស្រុក រួមនឹងប្រជាពលរដ្ឋ ជួយបូមទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារទំហំ នៃការឆាបឆេះខ្លាំងពេក ទើបបណ្ដាលឲ្យផ្ទះមួយខ្នង សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង។ ចំពោះរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាល ស្រុកសៀមប៉ាង មិនអាចជួយបានឡើយ ដោយសារតែកន្លែងកើតហេតុ ស្ថិតនៅត្រើយម្ខាង នៃទន្លេសេកុង។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើរបាយការណ៍មួយ ដោយបញ្ជាក់ថា ទ្រព្យសម្បត្តិខូចខាត រួមមាន ផ្ទះសង់អំពីឈើ ក្រាលស៊ីម៉ងត៍ ខាងក្រោម មានទំហំទទឹង ១២ ម៉ែត្រ គុណបណ្ដោយ ១៣ ម៉ែត្រ ខូចខាតទាំងស្រុង។ សម្ភារៈរួមមានប្រាក់ ចំនួន ១៦ លានរៀល មាស ១០ជី ប្លាទីន ១១ ជី ម៉ូតូមួយគ្រឿង ម៉ាស៊ីនកាណូត មួយគ្រឿង។

ប៉ូលិស បានសន្និដ្ឋានថា មូលហេតុ នៃការឆាបឆេះផ្ទះ ខាងលើនេះ ដោយសារតែប្រើប្រាស់ បន្ទះសូឡាទុស្សេ បណ្ដាលឱ្យឆាបឆេះតែម្ដង៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular