ដោយៈ អង្គរតូច / សៀមរាបៈ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថាប្រាសាទ អង្គរវត្ត ដែលបុព្វបុរសខ្មែរ បានសាងសង់ឡើង មិនមែនធ្វើតាម ការនឹកឃើញនោះទេ តែជាការគុណគូរច្បាស់លាស់ តាមក្បួនខ្នាត។ នេះបើតាមប្រភពពីគេហទំព័ររបស់អាជ្ញាធរ ជាតិអប្សរា បានចុះផ្សាយ ជាសាធារណៈ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថាៈ គេតែងដឹងជាទូទៅ នូវព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាន នៅប្រាសាទអង្គរវត្ត។ នោះគឺវេលាយប់ និងថ្ងៃ ស្មើគ្នា ដែលគេហៅថា សមរាត្រី ជាមួយនឹងព្រឹត្តិការណ៍ ព្រះអាទិត្យរះចំប្រាង្គកណ្ដាល ប្រាសាទអង្គរវត្ត ។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរ សំខាន់ៗទៀត នោះគឺវេលាថ្ងៃ វែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ ដែលបានសង្កេត និងដឹងរឿងរ៉ាវ នូវវេលាទាំងនេះ។
លោក អ៊ឹម សុខរិទ្ធី ក៍បានបង្ហាញនូវ តឹកតាងមួយចំនួន នៃវេលាយប់វែងជាងថ្ងៃ ដែលសាធារណជន គួរតោងចាប់អារម្មណ៍។ ក្នុងទំនៀមនៃព្រហ្មញ្ញសាសនា វេលាយប់ គឺមានន័យថា សភាវៈអាក្រក់ មានអំណាច ឬបារមីខ្លាំងជាងសភាវៈល្អ។ តួយ៉ាង ក្នុងវេលាយប់ វែងជាងថ្ងៃ ដែលកើតមាន ចំថ្ងៃទី២១ ខែធ្នូ នោះ គឺពន្លឺនៅពេលព្រឹក បានចាំងលើរូបចម្លាក់ ជាសភាវៈអាក្រក់ និងស្រមោល នៃសសរតាមថែវប្រាសាទ បាំងបិទលើចម្លាក់សំខាន់ៗ ដែលជាតួអង្គ នៃសភាវៈល្អ ឬពពួកទេព។
លោកបានបញ្ជាក់ថាៈ ព្រឹត្តិការណ៍នេះ គឺកើតមានទាំងនៅថែវ ខាងកើត នាវេលាថ្ងៃរះ និងថែវខាងលិច នាវេលាពេលថ្ងៃលិច។ ព្រឹត្តិការណ៍នេះ នឹងផ្ទុយមកវិញ នាថ្ងៃទី២១ ខែមិថុនា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលវេលាថ្ងៃវែង ជាងយប់វិញម្ដង។ អាថ៌កំបាំងដ៏អស្ចារ្យ ដែលសាធារណជនទូទៅ មិនសូវចាប់អារម្មណ៍នេះ គឺជាចំ ណុចពិសេសមួយទៀត នៃប្រាសាទអង្គរវត្ត ក្រៅពីភាពថ្កុំថ្កើង នៃរចនាបថហើយនោះ។ តាមការយល់ឃើញ របស់លោក ព្រឹត្តិការណ៍នេះ មិនមែនជារឿង ចៃដន្យនោះទេ តែវាជាការគុណគូរ ដ៏ត្រឹមត្រូវ និងច្បាស់លាស់ ពីបុព្វបុរសជំនាន់នោះ ហើយបានរៀបចំត្រឹមត្រូវមុននឹងឆ្លាក់ចម្លាក់ រឿងរ៉ាវនានា តាមទីតាំងនីមួយៗ៕/V-PC