ដោយៈ សរិទ្ធ/ ភ្នំពេញៈ អ្នកបើកឡាន ដឹកជនដៃដល់ បាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានសមត្ថកិច្ច បញ្ជូនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមច្បាប់ ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងថាៈ ជនសង្ស័យរូបនេះ ត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ សមគំនិត ក្នុងអំពើឃាតកម្ម និង ជួញដូរគ្រឿងញៀន រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត តាមនីតិវិធី ។ ទោះបីយ៉ាងណា ជនដៃដល់ ដែលបាញ់សម្លាប់ជនរងគ្រោះ សមត្ថកិច្ច ពុំទាន់ចាប់ខ្លួន បាននៅឡើយទេ ។ អ្នកបើកឡាន រូបនេះ ឈ្មោះ កែ ចាន់មាន រស់នៅចំណុចផ្ទះជួល ជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
តាមចម្លើយយសារភាពបឋម របស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថាៈ កាលពីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបានបើករថយន្ត ខាងលើ ជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ទាំងស្រវឹង ។ ពេលមកដល់កន្លែងកើតហេតុ ខ្លួនបានបើករថយន្ត បុកគូថរថយន្ត ជនរងគ្រោះពីក្រោយ ។ បន្ទាប់មក ជនរងគ្រោះ បានបើកករថយន្ក កាក់រថយន្តខ្លួន និងបានយកអាវុធខ្លី ភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តី ជេរប្រមាថ មកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនអោយនៅ ស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ ។
ពេលកំពុងចរចារគ្នា រឿងគ្រោះថ្នាក់ចរាចណ៍ ខាងលើ ដោយឃើញជនរងគ្រោះធ្វេស ប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លី ដែលសៀតនៅនឹងចង្កេះ បាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួន បើកករថយន្ត គេចពីកន្លែងកើតហេតុ តែម្តង ។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថី សហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ៕/V-PC