ដោយៈ អង្គារ៍ហេង-សរិទ្ធ/ភ្នំពេញៈ ក្មេងមួយក្រុមមានឈ្មោះក្រុម ៩៨ បាននាំគ្នាជិះម៉ូតូជាង ១០ គ្រឿង ប្រដាប់ដោយដាវសាមូរ៉ៃ ដេញកាប់យុវជន ជិះម៉ូតូ ២ គ្រឿង បណ្តាលឱ្យខូចខាត យ៉ាងដំណំ និងបែកកញ្ចក់ រទេះលក់ប្រហិត ខ្ទេចខ្ទី កាលពីម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ អូរតែលសុខានៅចំណុច សណ្ឋាគារ សុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ មានគ្នា ៥ ទៅ ៦ នាក់ ជិះម៉ូតូ ចំនួន ២ គ្រឿង មកអង្គុយនៅកន្លែង លក់ប្រហិតចៀន ស្រាប់តែលេចមុខ ក្មេងមួយក្រុម មានគ្នាជាង ២០ នាក់ ជិះម៉ូតូជិត ១០ គ្រឿង មានរហស្ស នាមថា ក្រុម ៩៨ ប្រដាប់ទៅដោយ ដាវសាមូរ៉ៃ និងដុំថ្ម ដំបងឈើជ្រុង រត់ចូលទៅវាយ កាប់ ជនរងគ្រោះ។ ប៉ុន្តែដោយសារ តែជនរងគ្រោះ ដឹងខ្លួនទាន់ ក៏រត់បានរួចខ្លួនតែម៉ូតូជនរង គ្រោះ ទាំង ២ គ្រឿងនោះ ត្រូវបានក្មេង ជាជនបង្ក ព្រួតវាយកម្ទេច ស្ទើរតែទាំងស្រុង ។ ចំណែករទះលក់ប្រហិតចៀនវិញ គឺបែកទូកញ្ចក់ ខូចខាត ប្រហិតចៀនខ្ទេចខ្ទីអស់។
ក្រោយបង្កហិង្សារួចហើយ ក្មេងទំនើងទាំងនោះ បានរត់គេចខ្លួនអស់ ហើយជនរងគ្រោះ ខាងលើនេះ បាននិយាយថា ខ្លួនមិនដែលមានគំនុំអី ជាមួយអ្នកណានោះឡើយ ហើយមិនដែលធ្លាប់ ទៅវ៉ៃអ្នកណានោះទេ។
ក្រោយពេលកើតហេតុ ខាងលើនេះ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ជ្រោយចង្វា ដើម្បីឱ្យសមត្ថកិច្ច ចាត់ការ ទៅតាមផ្លូវច្បាប់៕/V-PC