ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ដើមឈើធំៗជាច្រើនដើម នៅលើសួនកាណាឌីយ៉ានៅមុខ មន្ទីរពេទ្យ អង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ មានអាយុកាលជាង ៣០០ ឆ្នាំហើយហើយក្នុង ចំនួននេះ ដើមឈើចំនួន ៣ ដើម អាជ្ញាធររាជធានី ដោយមានការឯកភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅក្នុងសសប្តាហ៍ក្រោយដោយសារតែ ដើមឈើទាំង ៣ដើមនេះ ពុកគល់ ប្រហោងក្នុង ទុកយូទៅនឹងមានហានិភ័យដល់ប្រជា ពលរដ្ឋ ជាអ្នកដំណើរ ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី៨ មករានេះថាៈ ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ ដើម និងមានអាយុកាល ប្រមាណជា ជាង ៣០០ ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាព ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅក្នុងសប្តាហ៍នេះ ដោយសារតែដើមឈើ ទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរ ជាយថាហេតុ។ ក្រោយពីកាប់យក ចេញហើយ អាជ្ញាធររាជធានីភ្នំពេញ និងដាំដើមឈើថ្មី ជំនួសវិញ។ ចំណែកដើមឈើ ដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោក នឹងកាត់ក្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រងផងដែរ ។
លោក សំ សាមុត ក៏បានបន្ថែមទៀតថាៈ សម្រាប់ដើមឈើ នៅរមណីយដ្ឋានវត្តភ្នំវិញ គឺមានចំនួនដើមឈើ សរុបប្រមាណជា ៨០០ ដើម ហើយដើមឈើទាំងនេះ ភាគច្រើន គឺមានអាយុកាល ប្រមាណជាង ៥០០ ឆ្នាំហើយ ក្រោមការមើលថែទាំ ជាប្រចាំ ពីអាជ្ញាធររាជធានីភ្នំពេញ។
គួរបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបានកកើត ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុងអំឡុង រជ្ជកាលព្រះបាទ ស្រីសុរិយោព័រ (ពញាយ៉ាត) នៅពេលដែលព្រះ អង្គ បានបោះបង់ចោល រាជធានីអង្គរ ហើយបានមកសាងសង់ រាជធានីថ្មី មួយទៀត នៅទួលបាសាន ក្នុងខេត្តស្រី ស ឈរ ដែលសព្វថ្ងៃ ត្រូវបានគេស្គាល់ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គ បានគង់នៅទីនោះ បានតែមួយឆ្នាំគត់ ដោយសារតែមានទឹកជំនន់ រាល់រដួវវស្សា ព្រះអង្គ បានផ្លាស់ប្តូររាជធានី ហើយបានមកសាងសង់ រាជធានីថ្មី មួយទៀតតាមបណ្តោយមាត់ទន្លេ ចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វថ្ងៃ ជារាជធានីភ្នំពេញ នេះឯង៕/V-PC