Home ព័ត៌មានសំខាន់ៗ សម្ដេចក្រឡាហោ...

សម្ដេចក្រឡាហោមដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាការកែសម្រួលលើលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

ដោយសារ:មុនីរ័ត្ន/ភ្នំពេញ: សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិភាក្សាកែសម្រួលលើលក្ខណៈសម្បត្តិមួយចំនួន នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នៅព្រឹកថ្ងៃទី៨ខែមករានេះនាទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័នជាច្រើនដែលមានកាតព្វកិច្ចតាមដាន និងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

យោងតាមផេកផ្លូវការរបស់សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាពាក់ព័ន្ធនឹងការលើកកម្រិតចេញជាគោលនយោបាយនេះ គឺដោយសារមានសំណូមពរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះការងារនេះត្រូវតែធ្វើឡើងជាសមូហភាព ដោយមានស្ថាប័នទាំងអស់ចូលរួម ដើម្បីបាញ់ឆ្ពោះទៅមូលដ្ឋាន ហើយការសរសេរគោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាព ហើយការថែមសង្កាត់នេះ គឺដោយសារបណ្ដាក្រុងតាមខេត្តក៏មានសង្កាត់ដែរ ម្យ៉ាងនៅរាជធានីភ្នំពេញក៏មានសង្កាត់ដូចគ្នាដែរ។ សម្ដេចបន្តថាគោលនយោបាយនេះ បានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ

សម្ដេចក្រឡាហោមបានពន្យល់ទៀតថា ការដាក់ច្បាស់ៗនូវអ្វីដែលចង់បានក្នុងគោលនយោបាយនេះ គឺដើម្បីបញ្ចប់ភាពស្រពិចស្រពិល ដូច្នេះគោលនយោបាយកែសម្រួលនេះបានកំណត់ឱ្យច្បាស់តែម្ដង ដូចជាពាក្យគ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពលួចឆក់ប្លន់ ឬគ្មានបទល្មើសគ្រឿងញៀនជាដើម ដោយមានផ្នែកបន្ទាប់ពន្យល់យ៉ាងលម្អិត។

បើយោងតាមសេចក្ដីព្រាង លក្ខណសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថានសុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន គ្រប់ចំណុចនៃគោលនយោបាយនេះ គឺដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រព្រមទាំងកសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដោយបំផុសឱ្យមានកិច្ចសហការចូលរួមពីជាមួយសមត្ថកិច្ចផ្នែកសាធារណៈ ផ្នែកឯកជន ផ្នែកពាក់ព័ន្ធ និងប្រជាជនទូទាំងប្រទេស។

យោងតាមសេចក្ដីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិ៨យ៉ាង ដូចជាៈ . គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។ . គ្មានបទល្មើសគ្រឿងញៀន។ . គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ . មានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។ . ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជម្អឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។ . ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ . ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព និងទី៨. គ្មានគ្រោះថ្នាក់ចរាចរណ៍៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular