ប្រែសម្រួល : កញ្ញាដាលីស ៖ លោក អេឡុន ម៉ាសដែលទើបគ្រងមកុដមហាសេដ្ឋីមានផុតលេខនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ទី០៧មករាមានផែនការធំសម្រាប់ការចំណាយទ្រព្យសម្បត្តិសរុបប្រហែល ១៨៨ ពាន់លានដុល្លាររបស់គាត់។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceXរូបនេះមានបំណងលះបង់ប្រាក់ជាច្រើនតាមដែលអាចធ្វើទៅបានដើម្បីធ្វើអាណានិគមលើភពព្រះអង្គារហើយគាត់បានលក់ទ្រព្យសម្បត្តិភាគច្រើនរបស់គាត់នៅក្នុងដំណើរការនេះ។
មហាសេដ្ឋីរូបនេះបានប្រាប់វេបសាយ Business Insiderអំពីផែនការនេះ ក្នុងបទសម្ភាសន៍ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Axel Springer លោក ម៉ាត់ធៀស ដូហ្វន័រ កាលពីខែមុន។
លោកម៉ាសនិយាយថា “តាមពិត ខ្ញុំសឹងតែគ្មានទ្រព្យសម្បត្តិជារូបិយវត្ថុអ្វីសោះក្រៅពីភាគហ៊ុននៅក្នុងក្រុមហ៊ុន។ ប្រសិនបើអ្វីៗមានភាពតានតឹងខ្លាំងពេកនៅកន្លែងធ្វើការ ខ្ញុំចូលចិត្តសម្ងំដេកនៅក្នុងរោងចក្រឬការិយាល័យ។ ហើយខ្ញុំពិតជាត្រូវការកន្លែងដេកមួយ ប្រសិនបើកូនៗរបស់ខ្ញុំនៅទីនោះ។ ដូច្នេះខ្ញុំនឹងជួលកន្លែងមួយឬអ្វីមួយ”។
លោកម៉ាសបានប្រកាសកាលពីខែឧសភាមុនថាគាត់មានគម្រោងលក់ទ្រព្យរបស់ស្ទើរតែទាំងអស់របស់គាត់ហើយគាត់នឹងមិនមានផ្ទះផ្ទាល់ខ្លួននោះទេ។ ចាប់តាំងពីពេលនោះមកសហគ្រិនរូបនេះបានលក់ផ្ទះជាច្រើននៅក្នុងផលប័ត្រអចលនទ្រព្យរបស់គាត់ ដែលកាលពីមុនមានតម្លៃរហូតដល់ ១០០ លានដុល្លារ។
ក្នុងឆ្នាំ ២០២០ លោកម៉ាសបានលក់អចលទ្រព្យតម្លៃរាប់លានដុល្លាររាប់បញ្ចូលទាំងផ្ទះជិតៗគ្នា ៣ខ្នងនៅសង្កាត់បែលអ៊ែរនៅទីក្រុងឡូសអែនជើឡេសនិងអចលនទ្រព្យមួយទៀតដែលជាអតីតកម្មសិទ្ធិរបស់តារាសម្តែង ជីន វ៉ាយឌ័រ។
លោកម៉ាសអាចនឹងត្រូវចែកផ្លូវជាមួយអចលនទ្រព្យនៅរដ្ឋកាលីហ្វ័រញ៉ារបស់គាត់ ដែលជាផ្នែកមួយនៃការផ្លាស់ទៅរស់នៅរដ្ឋតិចសាស ដែលមិនយកពន្ធលើប្រាក់ចំណូល។ប៉ុន្តែមហាសេដ្ឋីរូបនេះក៏បានប្រាប់ទៅវេបសាយ Insider ផងដែរថា មូលហេតុចម្បងដែលគាត់ប្រមូលលក់អចលទ្រព្យមិនមែនសម្រាប់ភោគទ្រព្យផ្ទាល់ខ្លួននោះទេប៉ុន្តែគឺដើម្បីផ្តល់មូលនិធិដល់ការធ្វើអាណានិគមលើភពអង្គារ៕
លោកម៉ាសចង់បង្ហាញគ្រប់គ្នាថាគាត់ពិតជាដាក់អាទិភាពធ្វើអាណានិគមលើភពអង្គារ