Boeing សុំទូទាត់​សង២,៥ ពាន់​លាន​ដុល្លារដើម្បី​បញ្ចប់​រឿងក្តី​ទាក់ទិន​នឹង​យន្តហោះ 737 Max

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន Boeing នឹង​បង់ប្រាក់​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ការស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌​និង​សារភាពថា​ពួក​និយោជិត​បាន​បំភ័ន្ត​និយតក​រ​​អំពី​សុវត្ថិភាព​នៃ​យន្ដហោះ​737 Max របស់ខ្លួន ដែល​រងគ្រោះ​ធ្លាក់​ចំនួន​២​គ្រឿង​ភ្លាមៗ​បន្ទាប់​ពី​ចូល​បម្រើ​សេវាកម្ម​អាកាសចរណ៍​។​

​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដំណោះស្រាយ​នេះ​រួមបញ្ចូល​ទាំង​ប្រាក់​សំណង​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ អតិថិជន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា និង ការផាកពិន័យ​។​

​ក្រុម​រដ្ឋអាជ្ញា​និយាយថា​បុគ្គលិក​ក្រុមហ៊ុន Boeing បាន​ផ្តល់​សេចក្តី​ថ្លែងការណ៍​ដែលនាំឱ្យ​ភ័ន្តច្រឡំ​និង​សេចក្តី​ពិត​ពាក់កណ្តាល​អំពី​បញ្ហា​សុវត្ថិភាព​ជាមួយ​យន្ដហោះ 737 Max​ទៅ​រដ្ឋបាល​អាកាសចរណ៍​​សហព័ន្ធ បន្ទាប់មក​បាន​បិទបាំង​សកម្មភាព​របស់​ពួកគេ​។​

​លោក ដេវីដ បឺន ជំនួយការ​អគ្គ​រដ្ឋអាជ្ញា​ផ្នែក​ឧក្រិដ្ឋកម្ម​នៃ​ក្រសួង​យុត្តិធម៌​បាន​និយាយថា “​បុគ្គលិក​របស់​ក្រុមហ៊ុន Boeing បាន​ជ្រើសរើស​យក​ផ្លូវ​នៃ​ប្រាក់​ចំណេញ​ជាជាង​សេចក្តី​ស្មោះត្រង់​”​។​

​ក្រុមហ៊ុន Boeing បាន​ស្តីបន្ទោស​អតីត​អាកាសយានិក​ពីរ​នាក់ ដែល​បាន​ជួយ​កំណត់ថា​តើ​ត្រូវការ​ការបណ្តុះបណ្តាល​កម្រិត​ណា​សម្រាប់​យន្តហោះ Max ។ នាយក​ប្រតិបត្តិ​លោក ដេវីដ ខាល់​ហួន និយាយថា ការប្រព្រឹត្ដ​របស់​ពួកគេ​មិន​ឆ្លុះបញ្ចាំង​ពី​បុគ្គលិក​ក្រុមហ៊ុន Boeing ទាំងមូល​ឬ​បុគ្គលិកលក្ខណៈ​របស់​ក្រុមហ៊ុន​នោះទេ​។​

​លោក​ខាល់​ហួន​បាន​និយាយ​នៅក្នុង​អនុស្សរណៈ​ទៅកាន់​និយោជិត​ថា​”​នេះ​គឺជា​ការដោះស្រាយ​ដ៏​ធំធេង​នៃ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ហើយ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ការឈានទៅរក​ដំណោះស្រាយ​នេះ​គឺជា​រឿង​ត្រឹម​​ត្រូវ​សម្រាប់​យើង​ត្រូវធ្វើ ដែល​វា​ជា​ជំហាន​ទទួលស្គាល់​យ៉ាង​ត្រឹមត្រូវ​នូវ​របៀប​ដែល​យើង​ខ្វះ​គុណ​តម្លៃ​និង​ការរំពឹង​ទុក​”៕

ក្រុមហ៊ុន Boeing បង់ប្រាក់​២,៥​ពាន់​លាន​ដុល្លារ​ដើម្បី​សង​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ អតិថិជន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា និង ការផាកពិន័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular