Home ព័ត៌មានជាតិ សន្តិសុខ អភិបាលខេត្តកំ...

អភិបាលខេត្តកំពង់ចាម បារម្ភការប្រើប្រាស់គ្រឿងញៀន ឈានដល់ក្នុងចង្កោម កសិករនៅជនបទ

ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងការបារម្ភ លើអ្នកប្រើប្រាស់គ្រឿងញៀន បានឈានចូលដល់ ក្នុងសហគមន៍ ពោល គឺការប្រើប្រាស់ បានទៅដល់ចង្កោមកសិករ កម្មករ នៅទីជនបទ ដាច់ស្រយាល។ ផ្ទុយកាលពីអតីតកាល អ្នកប្រើប្រាស់គ្រឿងញៀន ភាគច្រើន នៅទីប្រជុំជន ឬនៅទីក្រុង។ ពិសេសពួកគាត់ ជាអ្នកប្រើប្រាស់ទាំងនោះ បានក្លាយខ្លួនជាអ្នកជួញដូរ ចែកចាយ ដែលជាចំណុច ត្រូវកត់សម្គាល់ និងត្រូវមើលបន្ថែមទៀត គឺជំរុញគ្រប់វិធានការនានា របស់អគ្គស្នងការនគរបាលជាតិ បានណែនាំកន្លងមក។

លោកអភិបាលខេត្តកំពង់ចាម បានសម្តែងការព្រួយបារម្ភ និងជំរុញឱ្យសមត្ថកិច្ច បង្កើនការចាត់វិធានការ បន្តបង្រ្កាបបែបនេះ នៅចំពោះមុខលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ តំបន់ត្បូងឃ្មុំ ប្រធានសាលាដំបូង ខេត្តកំពង់ចាម និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តនេះ ដើម្បីបើកវគ្គបំប៉នជំនាញ ការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ដល់ មន្រ្តីនគរបាល ចំនួន ១១៧ នាក់ នៅក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ មករា ២០២១​។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថាៈ ដោយបន្តអនុវត្តវិធានការ បង្រ្កាបគ្រឿងញៀន បើទោះជាការបង្រ្កាបរបស់យើង កន្លងមក បានច្រើនក្តី គឺចាត់វិធានការ តាមការណែនាំរបស់ អគ្គស្នងការនគរបាលជាតិ កន្លងមក មានវិធានការអប់រំ វិធានការផ្សព្វផ្សាយ វិធានការរដ្ឋបាល វិធានការច្បាប់ វិធានការស្តារនីតិសមប្បទា វិធានការសហប្រតិបត្តិការ ខេត្តជាប់ព្រំប្រទល់គ្នា និងវិធានការធ្វើកិច្ចសន្យា ជាមួយម្ចាស់សប្បាយដ្ឋាន។

លោកបានបន្តថាៈ បញ្ហាធ្វើកិច្ចសន្យាជាមួយ ម្ចាស់សប្បាយដ្ឋានមាន ផ្ទះសំណាក់ សណ្ឋាគារ ជាដើមនេះ យើងបានអនុវត្តរួចហើយ កន្លងមក ប៉ុន្តែត្រូវខិតខំ បន្តទៀត គឺពង្រឹងការអនុវត្ត ឱ្យបានម៉ត់ចត់។ ដោយធានាថា ម្ចាស់សប្បាយដ្ឋាន ពិតជាបានគោរព តាមកិច្ចសន្យាពិតប្រាកដ។ ករណីម្ចាស់សប្បាយដ្ឋាន ល្មើសនឹងកិច្ចសន្យា គឺសមត្ថកិច្ច នឹងបិទទីតាំងអាជីវកម្មនោះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២០ កន្លងទៅ ខេត្តកំពង់ចាម កើតមានបទល្មើស គ្រឿងញៀន ចំនួន ២៥៤ លើក កើនឡើងលើស ឆ្នាំ២០១៩ ចំនួន ៦៩ លើក ស្មើនឹង ៤៦ ភាគរយ។ ក្នុងនោះ ករណីជួញដូរ ចំនួន ២៣៣ លើក និងករណីប្រើប្រាស់ ចំនួន ២១ លើក ដោយឃាត់ខ្លួនមនុស្ស ចំនួន ៩៨២ នាក់ ខណៈឆ្នាំ២០១៩ ឃាត់ខ្លួនមនុស្ស ចំនួន ៥១២ នាក់៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular