Home ព័ត៌មានសំខាន់ៗ កម្ពុជា​សង្ឃឹ...

កម្ពុជា​សង្ឃឹមថា ចិន​នឹង​ឆ្លើយតប​លើ​ការស្នើសុំ​ទីតាំង​វេច​ខ្ចប់​ស្វាយ​បន្ថែម​ដើម្បី​នាំចេញ​

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា​កំពុង​រៀបចំ​នីតិវិធី ដើម្បី​ស្នើសុំ​បន្ថែម​កន្លែង​វេច​ខ្ចប់ និង​សម្លាប់​មេរោគ​ចំនួន​៤​ទៀ​តទៅ​ភាគី​ចិន ដោយ​សង្ឃឹមថា​នឹងមាន​ការឆ្លើយតប​ឆាប់រហ័ស​នាពេលខាងមុខ ដើម្បី​ជំរុញ​ដល់​ការនាំចេញ​ស្វាយ​ឲ្យ​កាន់តែច្រើន​។​

​លោក ងិន ឆាយ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​កន្លងទៅ​ថា បាន​មានប្រសាសន៍ថា គិត​មកដល់ពេលនេះ ក្រុមហ៊ុន និង​សហគមន៍​ស្វាយ​ប្រមាណ​៥០ បានដាក់​ពាក្យស្នើសុំ​មក​ក្រសួង ដើម្បី​ទទួលបាន​សិទ្ធិ​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

​លោក​បន្តថា នៅ​ដំណាក់​ទី​១​យើង​បានស្នើ​ទៅ​គេ​៦​កន្លែង ហើយ​ប្រហែលជា​ចុងខែ​នេះ​យើង​នឹង​ស្នើ​បន្ថែម ៤​កន្លែង​ទៀត ប៉ុន្តែ​មក​ពេលនេះ ចិន​គេ​មិនទាន់​ឆ្លើយ​មក​យើង​នៅឡើយ​ទេ ។​

​លោក​បាន​បញ្ជាក់ថា ” អត់​ដឹង​ដែរ យើង​សួរ​គេ ២​ទៅ​៣​ដង​ដែរ គេ​ថា​គេ​កំពុង​ពិនិត្យ​ឯកសារ ហើយ​ចំណុច​ទី​២ គេ​ថា​ដោយសារ​កូ​វីដ​១៩ គេ​ទាន់​អាច​ចុះមក​បាន​” ។​

​អ្នក​មក​ដាក់ពាក្យ​ដូច​អត់​មាន​កើន​ទេ​មកទល់ពេលនេះ គឺមាន​អ្នកដាក់ពាក្យ​ទាំង​មុន​និង​ក្រោយ​មាន​ចំនួន​៥០​ប៉ុណ្ណោះ​។​

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២០ ក្នុងចំណោម​ការដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចំការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​បាន​ចំនួន​៥០ ក្នុងនោះ​មាន​ក្រុមហ៊ុន ម្ចាស់​ចំការ និង​សហគមន៍​កសិកម្ម​ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​សរុប​ជាង ២៨​ម៉ឺន​ហិច​តា ដើម្បី​ធ្វើការ​វាយតម្លៃ​លើ​លក្ខណសម្បត្តិ​គ្រប់បែបយ៉ាង​៕-R​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular