ដោយៈសរិទ្ធ/ភ្នំពេញ: យុវជនម្នាក់ដែលក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទរយៈពេលជាង២ឆ្នាំកន្លងមកហើយបានសុំក្រុមគ្រួសារទៅលេងជីដូននៅខេត្តកណ្ដាលស្រាប់តែបាត់ខ្លួនរហូតមិនឃើញត្រឡប់ទៅផ្ទះវិញឡើយ។ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នា២០២១ ស្រាប់តែអ្នកភូមិប្រទះឃើញសពយុវជននេះអណ្ដែតទឹកស្ទឹងព្រែកត្នោតចម្ងាយប្រមាណ៣០០ម៉ែត្រខាងជើងស្ពានបាក់ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
សពយុវជននេះឈ្មោះ ភួង បញ្ញា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចនគរបាលបាននិយាយថា ជនរងគ្រោះបាត់បង់ជីវិត បណ្ដាលមកពីលង់ទឹក រយៈពេល៣ទៅ៤ថ្ងៃកន្លងមកហើយ មិនជាប់ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។
បើតាមយុវជនម្នាក់ឈ្មោះភួង រតនា អាយុ២៣ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ (សព) បានប្រាប់ថា បងប្រុសរបស់ខ្លួនដែលលង់ទឹកនេះមានជំងឺសរសៃប្រសាទអស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ និងបានលេបថ្នាំព្យាបាលជាប់ជាប្រចាំរហូតមកដែរ ប៉ុន្តែពុំបានជាសះស្បើយឡើយ។ ដោយឡែកនៅប៉ុន្មានថ្ងៃមុននេះ បានសុំក្រុមគ្រួសារទៅលេងផ្ទះជីដូននៅម្ដុំផ្សារកន្ទួតសៀមរាប ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏បាត់ដំណឹងឈឹង មិនឃើញត្រឡប់ទៅផ្ទះវិញឡើយ។ ក្រុមគ្រួសារមានការព្រួយបារម្ភ និងខ្វល់ខ្វាយខ្លាំងណាស់ ដោយតាមរកគ្រប់ទីកន្លែង ប៉ុន្តែរកពុំឃើញ។ រហូតមកដល់វេលាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ទើបបានទទួលដំណឹងថា មានការប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹង ខ្លួនក៏បានទៅមើល ទើបដឹងថាជាបងប្រុសរបស់ខ្លួន៕-R