ដោយៈប.ខុន/ភ្នំពេញៈរដ្ឋបាលជលផលកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានជូនដំណឹងស្តីពីការបិទនេសាទត្រីកាម៉ុង «ប្លាធូ» សម្រាប់រដូវនេសាទឆ្នាំ២០២១ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទខាងលើបានឱ្យប្រជានេសាទដឹងថា រដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង «ប្លាធូ» នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១។ ដោយឡែកដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោបខេត្តកោះកុង ពីថ្ងៃទី០១ ខែធ្នូ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
ដូច្នេះហើយ អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង « ប្លាធូ» ទាំងអស់នៅក្នុងដែននេ សាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មេត្តាបញ្ឈប់សកម្មភាព នេសាទត្រីកាម៉ុង «ប្លាធូ» ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សទៅអនាគត។
លោកនេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថា ការបិទនេសាទក្នុងរដូរត្រីកាម៉ុងពងកូនបន្តពូជនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសារនោះទេ៕-R