ដោយៈ សរិទ្ធ / ភ្នំពេញៈ អ្នកបើកឡានដឹកជនដៃដល់ បាញ់សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ សម្រេឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នេះ ក្រោមការចោទប្រកាន់ ពីបទ សមគំនិត ក្នុងអំពើឃាតកម្ម និង ជួញដូរគ្រឿងញៀន ។ ទោះបីយ៉ាងណា ជនដៃដល់ ដែលបាញ់សម្លាប់ ជនរងគ្រោះ សមត្ថកិច្ច ពុំទាន់ចាប់ខ្លួន បាននៅឡើយទេ ។
អ្នកបើកឡាន រូបនេះ ឈ្មោះ កែ ចាន់មាន រស់នៅចំណុចផ្ទះជួល ជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
តាមចម្លើយសារភាពបឋម របស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថាៈ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើករថយន្ត ជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ទាំងស្រវឹង ។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើករថយន្ត បុកគូថរថយន្ត ជនរងគ្រោះពីក្រោយ ។ បន្ទាប់មក ជនរងគ្រោះ បានបើករថយន្ក កាក់រថយន្តខ្លួន និងបានយកអាវុធខ្លី ភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តី ជេរប្រមាថ មកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួន អោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ ។
ពេលកំពុងចរចារគ្នា រឿងគ្រោះថ្នាក់ចរាចណ៍ ដោយឃើញជនរងគ្រោះ ធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លី ដែលសៀតនៅនឹងចង្កេះ បាញ់ទៅលើ ជនរងគ្រោះ រួចប្រាប់ឲ្យខ្លួន បើករថយន្ត គេចពីកន្លែងកើតហេតុ តែម្តង ។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថី សហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕/V.mara