ដោយ: ពៅនិមល/ភ្នំពេញ: ដើម្បីស្ថាប័នមានកន្លែងធ្វើការប្រកបដោយ ផាសុភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងរ៉ែ និងថាមពល ចាប់ផ្តើមផ្លាស់ប្តូរ ពីទីតាំងចាស់ស្ថិតនៅបណ្តោយផ្លូវ៦៣ (ត្រសក់ផ្អែម) ទៅកាន់ទីតាំងថ្មីជាបណ្តើរៗហើយ នៅអតីតក្រសួងសាធារណការនិងដឹកជញ្ជូន ដែលស្ថិតនៅសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។
តាមការឱ្យដឹងរបស់ក្រសួងរ៉ែ និងថាមពល កាលថ្ងៃទី៧ ខែមករាកន្លងទៅ បានឱ្យដឹងថា ការផ្លាស់ប្តូរទីតាំងថ្មីនេះ ក្រសួងរ៉ែ នឹងចាប់ផ្តើមជួសជុលកែលម្អអគារ មួយចំនួនឲ្យល្អប្រសើរ ជំរុញឲ្យមានកន្លែងធ្វើការប្រកបដោយផាសុខភាពស្របតាមការ អភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ដើម្បីជំរុញការផ្តល់សេវាប្រកបដោយគុណភាព ក្រៅពីនេះក្រសួងនឹងរៀបចំតបណ្តាញអគ្គិសនីឡើងវិញ ស្របតាមស្តង់ដារដើម្បីចៀសវាង ការខកខានដោយប្រការណាមួយជាពិសេសការខាត់បង់ក្នុងការបំពេញភារកិច្ចរបស់ មន្ត្រីរាជការ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្រគល់ជូនទីតាំងចាស់របស់ក្រសួងសាធារណការទៅឲ្យក្រសួងរ៉ែនិងថាមពល ក្នុងនោះទីតាំងក្រសួងរ៉ែ ចាស់រដ្ឋាភិបាលនឹង ផ្តល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាជ្ញាធរគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕/PC/សរន