ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ភ្លុក
នាមសព្ទ
អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួច កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតា តែងតែដុះចេញមកមួយគូ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះ ហៅថា ភ្លុកទក ។ ដំរីឈ្មោលដែលដុះភ្លុកពីកំណើត គេមិនហៅ ឈ្មោល ទេ គេហៅ ភ្លុក ( ព. ផ្ទ. ស្តរ )
ហ្មដំរីខ្លះទាក់បានភ្លុក ខ្លះទាក់បានស្ដរ ( បើញីគេហៅ មេ គេមិនហៅ ញី ទេ ) ។ ម. ព. ចែ ន. ផង ។
ដឹងភ្លុក ឈ្មោះដឹងមួយប្រភេទមានស្លាប-ងសណ្ឋានភ្លុក ( ម. ព. ដឹង ន. ផង ) ។ ម្រះភ្លុក ឈ្មោះម្រះមួយប្រភេទផ្លែវែងៗ សណ្ឋានភ្លុក ។ ល ។
នាមសព្ទ
( ម. ព. ព្លុក ) ។
ព្លុក
នាមសព្ទ
( ស. ប្លុក អ. ថ. ព្លុក ” ដាស់ គឺដាស់ឲ្យភ្ញាក់ ” ) អ្នករម្លាយសព ( អ្នកដុតខ្មោច ); តាមទម្លាប់មាន ៤ នាក់ ជាជំនួសអាចារ្យយោគី; តាមប្រភពពាក្យនេះថា “អ្នកដាស់ខ្មោច” មានអត្ថន័យថា កាលដែលរៀបនឹងឈួលភ្លើងរម្លាយសព គេតែងនិមន្តលោកឲ្យទាញសំពត់ស្នប ដែលគេស្រាយចេញពីរូបសព ហៅថា សំពត់បង្សុកូល, គេនិយាយទៅរកសពនោះ ហាក់ដូចគេដាស់មនុស្សរស់ឲ្យភ្ញាក់ពីដេកថា ស្ដាប់ធម៌ស្ដាប់អាថ៌លោក ! ; ក្នុងសម័យបច្ចុប្បន្នពុំសូវមានពិធីនេះទៅហើយ
អាចារ្យយោគីម្នាក់និងអ្នកព្លុកបួននាក់ជាអ្នករម្លាយសព ( ធ្លាប់សរសេរ ភ្លុក, គួរសរសេរ ព្លុក វិញ ព្រោះមានសំឡេងជិតប្រភពដើមជាង ) ។
ពភ្លុក
ឧទានសព្ទ
សូរឮភ្លុកៗច្រើនដង ។
ពង
កិរិយាសព្ទ
( ជានាមកិរិយា ) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់
ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្ដុល ។
បង្កើតពង, បញ្ចេញស៊ុតមេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០ ។
នាមសព្ទ
ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្ដុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន
ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្តើក, ពងទន្សង, ពងក្រពើ…( ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ ) ។
ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុស ឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាស បើមានតែមួយដុំ ហៅ ពងត្មោល ( ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ ) ។ ពងក្ដ ន. ( ព. អា. ) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថាបញ្ជោះឲ្យគ្នាដោយឈ្លានពាន ប្រមាថមើលងាយ ( ជាសម្ដីពុំគួរប្រើ ) ។
ពក
នាមសព្ទ
សាច់ដែលដុះជាដុំខ្ពស់ជាងសាច់ប្រក្រតី
ពកដៃ, ពកជើង, ពកថា្ងស, ពក-ក ។
សាច់រុក្ខជាតិឬលតាជាតិដែលដុះជាកំពូកខ្ពស់ជាងសាច់ប្រក្រតី
ពកធ្នង់, ពកបេង, ពកស្រឡៅ; ពកខ្ញៃ ( ពកវល្លិខ្ញែ ) ។
សាច់ដែលពករម៉ិងរម៉ង់រឹងៗ នៅកែងដៃឬកែងជើង មានសណ្ឋាននិងទំហំស្រដៀងនឹងផ្លែស្លាហៅថា ពកស្លា ។
ឈ្មោះដំបៅមួយប្រភេទចេញជាពកបែកគគុះគគុល មិនងាយនឹងថែរក្សាឲ្យសះជា
ដំបៅពក ។
ឈ្មោះឫស្សីពួកមួយ មានប្រហោងសាច់ស្ដើងរឹងស្រួយ សម្បុរខាងក្រៅរលោង សម្រាប់ប្រើការផ្សេងៗមានធ្វើត្រល់, ប៉ី, ខ្លុយជាដើម
ត្រល់ពក, ប៉ីពក, កា្លក់ពក, បំពង់ពក ។
កិរិយាសព្ទ
កកើតជាពក (ជានាមកិរិយា ) ។